ដោយ : ភ្នំធំ / ឧត្តរមានជ័យ :លោក ហេង រតនា អគ្គនាយកសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានបញ្ចេញ រូបថតជា២០សន្លឹកក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលបានបង្ហាញឲ្យឃើញពីរណ្តៅគ្រាប់ បែកទម្លាក់ពីយន្តហោះនិងគ្រាប់ប្លោងផ្សេងទៀត។
លោកមេ CMAC ចាត់ទុករូបថតទាំងនោះថា : ជាកំណត់ត្រាជាក់ស្តែង និងជាចំណែកតូចមួយនៃមរតកក្នុងសង្គ្រាម៥ថ្ងៃ គឺពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។
រណ្តៅគ្រាប់ទាំងនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ និងកំណត់ទីតាំងច្បាស់លាស់ព្រមទាំងមានដៃគូអន្តរជាតិមួយចំនួនចូលរួមជាមួយអ្នកជំនាញបច្ចេកទេសអង្គភាព CMACផងដែរ។
គួររម្លឹកថា ក្នុងសង្គ្រាម៥ថ្ងៃ រវាងកងទ័ពកម្ពុជា និងថៃ ភាគីថៃបានប្រើប្រាស់ស្ទើរគ្រប់យុទ្ធវិធីដែលខ្លួនមានដើម្បីវាយសង្គ្រប់កម្ពុជាក្នុងតំបន់មានជម្លោះតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ ដោយមានការប្រើយន្តហោះប្រតិកម្មមកទម្លាក់គ្រាប់ក្នុងទឹកដីកម្ពុជាផងដែរ។
លោកហេង រតនាបានបន្ថែមថា រូបថត ដែលលោកបានបង្ហាញនោះ មិនមែនជាភស្តុតាងនៃរណ្តៅគ្រាប់ ឬក៏គ្រាប់បែកកើតចេញពីកាឡៃនៃការទម្លាក់គ្រាប់បែកសម័យឆ្នាំ១៩៧០-១៩៧៣ ដូចការចោទប្រកាន់លាបពណ៌របស់ភាគីម្ខាងទៀតនោះទេ៕

