លោកអភិបាលស្រុកស្ទោង៖ ស្ពានថ្មថ្មីប្រវែង ៦០ម៉ែត្រ ជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពលរដ្ឋមូលដ្ឋាន


​(កំពង់ធំ)៖ ស្ពានថ្មថ្មីមួយកន្លែង ប្រវែង ៦០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
​នេះជាការលើកឡើងរបស់ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីត្រៀមលក្ខណៈសាងសង់ស្ពានថ្មី ស្ថិតក្នុងភូមិអូរដូង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០Internal។
​លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ស្ពានថ្មថ្មីនេះពិតជាមានសក្តានុពល និងចាំបាច់ក្រៃលែងសម្រាប់សម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ពិសេសនៅក្នុងឃុំម្សាក្រង ដោយត្រូវសាងសង់ជំនួសស្ពានឈើចាស់ដែលមានសភាពទ្រុឌទ្រោមខ្លាំង។ គម្រោងនេះលេចចេញជារូបរាងឡើង ក្រោមការគិតគូរ និងខិតខំប្រឹងប្រែងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្ទោង, ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានធ្វើដំណើរ និងដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព។
​ទន្ទឹមនឹងនេះ ក្នុងនាមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋស្រុកស្ទោងទាំងមូល លោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយបានផ្តល់ស្ពានថ្មថ្មីនេះជាចំណងដៃដ៏ថ្លៃថ្លា។
​សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះរួមមាន ការស្ថាបនាផ្លូវថ្មីប្រវែង ៥,៣០០ម៉ែត្រ តភ្ជាប់ពីឃុំកំពង់ចិនត្បូង ទៅឃុំម្សាក្រង និងស្ពានថ្មថ្មីមួយកន្លែង មានទទឹង ៨ម៉ែត្រ បណ្តោយ ៦០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ទោង ក្នុងភូមិអូរដូង ដែលនឹងដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *