ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក មួង សុធា , ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដោយមានការ សម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាលទីតាំងសង្ស័យ០១កន្លែង ក្នុងបរិវេណបុរី PVN ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទីតាំងមានឈ្មោះ ហេង សេងហុង ភេទប្រុស អាយុជាង៤៩ឆ្នាំ ជនជាតិខ្មែរ ជាមេការដែលមានផ្ទះ២ល្វែង កម្ពស់៣ជាន់ សរុបមានចំនួន១៣បន្ទប់ ជាប្រភេទបន្ទប់ស្នាក់នៅនិងបំរើការងារ ដោយបានរកឃើញជនសង្ស័យសរុបចំនួន ២៥នាក់/ ស្រី ៥នាក់ ស្មើ ៤សញ្ជាតិ ក្នុងនោះ ជនជាតិចិន ១៨នាក់ / ស្រី ១នាក់), ចិនសញ្ជាតិវ៉ានូអាទូ ១នាក់, មីយ៉ាន់ម៉ា ១នាក់ / ស្រី), វៀតណាម ១នាក់ / , និងខ្មែរ ៤នាក់ / ស្រី ២នាក់) រកឃើញសម្ភារៈសង្ស័យប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) មានកុំព្យូទ័រ ២ឈុត និងទូរស័ព្ទ ២គ្រឿង ។
ក្រុមការងារជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើកោសល្យវិច័យឧបករណ៍ខាងលើថាជាឧបករណ៍ប្រើប្រាស់បម្រើការឆរបោក ក្នុងការទំនាក់ទំនង ណែនាំជនរងគ្រោះឱ្យខ្ចីប្រាក់ពីគណនីផ្ទេរប្រាក់របស់ប្រទេសចិន និងមានការរៀបចំបង្កើតប្រតិបត្តិការក្លែងក្លាយតាមគេហទំព័រ https://2345nb.com/ ដើម្បីទាក់ទាញអតិថិជន។ រាល់ពេលទាក់ទងអតិថិជនបានហើយ ក្រុមនេះអាចផ្ដល់ទិន្នន័យរបស់អតិថិជនទៅឱ្យក្រុមផ្សេងធ្វើការបន្ត។
ផ្អែកតាមការធ្វើកោសល្យវិច័យរបស់ ក្រុមការងារជំនាញនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានរកឃើញថា មានតម្រុយពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពឱ្យទិញទំនិញតាមអនឡាញ ក្នុងគេហទំព័រ www.123.sogou.com ដោយប្រើប្រាស់ បណ្តាញសង្គមTelegram និងកម្មវិធីApp (ប្រទេសចិន) មានគោលដៅទៅកាន់ប្រទេសចិន។
ចំណែកក្រុមការងារជំនាញប្រឆាំងគ្រឿងញៀនបានរកឃើញសារធាតុញៀនមួយចំនួន រួមមាន ៖ កញ្ចប់ពណ៌ត្រួយចេកមានអក្សរចិនចំនួន ៦កញ្ចប់ (គ្រឿងញៀនប្រភេទមេតំហ្វេតាមីន =៦៣,០៦ក្រាម), កញ្ចប់ពណ៌ផ្ទៃមេឃមានអក្សរចិនចំនួន ៦កញ្ចប់ (ប្រភេទK MDMA Morphine=៤៩,៣៨ក្រាម), កញ្ចប់ពណ៌ក្រហមលាយស មានអក្សរ White Bubble Tea ចំនួន ១០កញ្ចប់ (ប្រភេទMorphine=៤៤,០២ក្រាម), កញ្ចប់ពណ៌ខ្មៅមានអក្សរចិនចំនួន ៨កញ្ចប់ (ប្រភេទK=៤៦,៤៨ក្រាម), កញ្ចប់ពណ៌ស្វាយមានអក្សរ BUGATTI ចំនួន ៨កញ្ចប់ (ប្រភេទK=៣៤,៣២ក្រាម), កញ្ចប់ ពណ៌ត្នោតមានអក្សរចិនចំនួន ៦កញ្ចប់ (ប្រភេទ K MDMA=៧០,០៨ក្រាម), សារធាតុញៀនម្សៅម៉ត់ពណ៌សចំនួន ២ថង់ (ប្រភេទកេតាមីន=១៤៦,១៤ក្រាម), កំប៉ុងស្ករកៅស៊ូ DOUBLEMINTចំនួន ៩កំប៉ុង មានលាក់គ្រឿងញៀននៅខាងក្នុង (ប្រភេទMDMA=៦៥,០៧ក្រាម), ដបទឹកពណ៌ខ្មៅមានអក្សរ SEYA ចំនួន ១ដប, បារីកញ្ឆាពណ៌សចំនួន ១១ដើម, ដបទឹកCBDពណ៌ទឹកក្រូចចំនួន ១ដប និងឧបករណ៍ផលិត (ប្រភេទកែវខ្នាតតូចចំនួន ១ឈុត)។
បច្ចុប្បន្ន ដោយមានការឣនុញ្ញាតពីលោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រុមការងារសម្រេចបិទសុីលទីតាំងជាបណ្ដោះអាសន្ន និងប្រគល់ជូន ក្រុមការងារគណៈបញ្ជាការរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីគ្រប់គ្រងបន្ត និងបានអញ្ជើញឈ្មោះ ហេង សេងហុង និងជនបរទេសទាំងអស់ទៅសាកសួរ ដើម្បីកសាងសំណុំរឿងបន្ត ។
ចំណែកជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូនកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ៕

