អភិបាលស្រុកស្ទោង ជំរុញឱ្យអាជ្ញាធរឃុំពិនិត្យលទ្ធភាពប្តូរពីការធ្វើផ្លូវក្រួសក្រហម មកជាផ្លូវបេតុងអាមេវិញ ដើម្បីធានាគុណភាពយូរអង្វែង



​(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកទឹកចិត្តដល់រដ្ឋបាលឃុំទាំងអស់ ត្រូវពិនិត្យលទ្ធភាពក្នុងការកសាងផ្លូវបេតុងអាមេជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជំនួសឱ្យផ្លូវក្រាលក្រួសក្រហមវិញ ដើម្បីធានាបាននូវភាពរឹងមាំ និងការប្រើប្រាស់បានយូរអង្វែង។
​ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក អញ្ជើញជាអធិបតីក្នុងពិធីដេញថ្លៃកិច្ចសន្យាសំណង់ គម្រោងមូលនិធិឃុំ (សាងសង់ផ្លូវក្រួសក្រហម និងប្រព័ន្ធលូ) ស្ថិតនៅក្នុងឃុំចំណាក្រោម កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០Internal។
​នៅក្នុងឱកាសនោះ លោក សាយ គឹមឡម បានកោតសរសើរ និងសាទរយ៉ាងក្រៃលែងចំពោះរដ្ឋបាលឃុំចំណាក្រោម ដែលបានពិនិត្យលើលទ្ធភាពជាក់ស្ដែងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រួសក្រហមនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ លោកក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំ ត្រូវចុះតាមដាន ត្រួតពិនិត្យ និងថែទាំដំណើរការសាងសង់ជាប្រចាំ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាការពារផ្លូវ និងប្រព័ន្ធលូទឹក ដើម្បីជួយរំដោះទឹកជំនន់ និងការពារផ្លូវកុំឱ្យឆាប់ខូចខាត។
​លើសពីនេះ លោកអភិបាលស្រុក ក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដែលដេញថ្លៃឈ្នះ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរឃុំ ដើម្បីបើកពង្រីកផ្លូវឱ្យបានធំទូលាយ និងត្រូវអនុវត្តការសាងសង់ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ស្របតាមកិច្ចសន្យា ជាពិសេសត្រូវធ្វើឱ្យបានឆាប់រហ័សទាន់ពេលវេលា។
​ទន្ទឹមនឹងការងារអភិវឌ្ឍន៍ លោក សាយ គឹមឡម ក៏បានជំរុញបន្ថែមដល់រដ្ឋបាលឃុំ ត្រូវពង្រឹងឥរិយាបថការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាពិសេស ត្រូវប្រើប្រាស់ថវិកាឃុំប្រកបដោយតម្លាភាព គុណភាព និងគណនេយ្យភាព ព្រមទាំងត្រូវរៀបចំតុបតែង លម្អបរិស្ថានការងារទាំងក្នុង និងក្រៅបរិវេណសាលាឃុំឱ្យមានសោភ័ណភាពល្អប្រពៃផងដែរ។
​គួរជម្រាបជូនថា គម្រោងសាងសង់ផ្លូវគ្រួសក្រហមនៅក្នុងឃុំចំណាក្រោមនេះ មានប្រវែង ០,៦៥០ គីឡូម៉ែត្រ, ទទឹង ៦ ម៉ែត្រ, កម្រាស់ក្រួសក្រហម ០,១៥ ម៉ែត្រ និងកម្ពស់ដីស ១,២ ម៉ែត្រ។ គម្រោងនេះ រួមបញ្ចូលទាំងការដំឡើងស្លាកគម្រោង ១ កន្លែង, សាងសង់លូទោល (អង្កត់ផ្ចិត ១.០០០ មីលីម៉ែត្រ ប្រវែង ៧ ម៉ែត្រ) ចំនួន ១ កន្លែង, លូភ្លោះ (អង្កត់ផ្ចិត ១.០០០ មីលីម៉ែត្រ ប្រវែង ៧ ម៉ែត្រ) ចំនួន ១ កន្លែង និងលូជ្រុង (កម្ពស់ ៣ ម៉ែត្រ ប្រវែង ២ ម៉ែត្រ) ចំនួន ១ កន្លែង ដោយប្រើប្រាស់កញ្ចប់ថវិកាប៉ាន់ស្មានសរុបប្រមាណ ១៥៥.៣៤២.៣០២ រៀល៕

Leave a Reply

Your email address will not be published. Required fields are marked *