លោក ហាក់ ម៉ុងហួត ចុះពិនិត្យការបង្កបង្កើនផល និងលើកទឹកចិត្តកសិករក្នុងឃុំអណ្តូងពោធិ៍


​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាកសិករ បន្តខិតខំដាំដុះដំឡូងមី និងដំណាំរួមផ្សំផ្សេងៗឱ្យបានកាន់តែច្រើន ដើម្បីជួយសម្រាលបន្ទុកចំណាយ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
​ការថ្លែងជម្រុញបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអភិបាលស្រុក ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពរស់នៅ និងការបង្កបង្កើនផលដំណាំចម្ការរបស់ប្រជាកសិករ មានដូចជា៖ ដំឡូងមី ស្វាយចន្ទី ត្រសក់ និងឪឡឹក ជាដើម ស្ថិតនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
​ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាលស្រុកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កសិករ និងបានគូសបញ្ជាក់ថា តំបន់នេះមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ដោយសារមានដីមានជីជាតិអំណោយផលល្អ។ ម្យ៉ាងវិញទៀត ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបណ្តាខេត្តនានាក៏មានភាពងាយស្រួលជាងមុន តាមរយៈប្រព័ន្ធផ្លូវថ្នល់តភ្ជាប់ពីចម្ការរហូតដល់ផ្លូវជាតិ ប្រកបដោយសុវត្ថិភាព។
​ទន្ទឹមនឹងនេះ លោក ហាក់ ម៉ុងហួត ក៏បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។ ក្នុងករណីមានបញ្ហាប្រឈម ឬមានជំងឺចង្រៃណាមួយកើតឡើងលើដំណាំ ត្រូវសហការស្វែងរកដំណោះស្រាយ និងផ្តល់បច្ចេកទេសជួយសង្គ្រោះជូនពួកគាត់ឱ្យបានទាន់ពេលវេលា។
​ជាការឆ្លើយតប ប្រជាកសិករបានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយពេលឃើញទិន្នផលដំណាំឆ្នាំនេះមានការលូតលាស់ល្អជាងឆ្នាំមុនៗ។ ពួកគាត់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំស្រុក ដែលបានចុះមកជួយសួរសុខទុក្ខដល់ចម្ការ និងអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជានិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *