ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំសហការី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតខ្លាំង ចំនួន ០៣គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ករណីអតីតយុទ្ធជនមានជំងឺប្រចាំកាយ
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោក ឆូយ ម៉ាប់ ដែលជាអតីតយុទ្ធជនធ្លាប់ចូលបម្រើកងទ័ពក្នុងជួរយោធាស្រុកសណ្ដាន់ នាយុគសម័យទសវត្សរ៍ឆ្នាំ១៩០ ហើយបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំដងកាំបិត កំពុងមានជំងឺប្រចាំកាយ និងជួបការលំបាកខ្វះខាតយ៉ាងខ្លាំង ដោយត្រូវធ្វើដំណើរទៅព្យាបាលនៅមន្ទីរពេទ្យពី ២ ទៅ ៣ដង ក្នុងមួយខែ។
ទោះបីជាលោកមានប័ណ្ណ ប.ស.ស. អាចព្យាបាលនៅមន្ទីរពេទ្យរដ្ឋដោយមិនគិតប្រាក់ក៏ដោយ ប៉ុន្តែគ្រួសារលោកត្រូវរ៉ាប់រងចំណាយខ្ពស់លើការធ្វើដំណើរ និងការហូបចុកប្រចាំថ្ងៃក្នុងពេលសម្រាកព្យាបាល ទាំងរូបលោក និងភរិយាដែលជាអ្នកកំដរ។
ករណីប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន ០២គ្រួសារ
ក្រៅពីអតីតយុទ្ធជន ក្រុមការងារក៏បានចុះជួយដល់គ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ០២គ្រួសារទៀត រួមមាន៖
គ្រួសារទី១ (ភូមិសំព័រធំ)៖ ជាគ្រួសារចាស់ជរា មានជីវភាពលំបាកខ្វះខាតខ្លាំង រស់នៅក្រោមដំបូលផ្ទះធ្លុះធ្លាយ ពេលភ្លៀងធ្លាក់ម្តងៗមិនអាចសម្រាកបានឡើយ និងគ្មានថវិកាសម្រាប់ទិញស័ង្កសីប្រក់ដំបូលផ្ទះឡើយ។
គ្រួសារទី២ (ភូមិស្រែវាលខាងលិច)៖ ភរិយាមានអាយុទើបតែ ២៤ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន ៤នាក់ ចំណែកស្វាមីប្រកបរបរធ្វើចំការបន្តិចបន្តួចគ្រាន់ចិញ្ចឹមក្រពះ។ ទោះបីជាមានអ្នកជិតខាងជួយរកឈើមកសាងសង់ជម្រកតូចល្មមឱ្យរស់នៅ ក៏គ្រួសារនេះគ្មានលទ្ធភាពទិញស័ង្កសីសម្រាប់ប្រក់ដំបូលផ្ទះជ្រកភ្លៀងជ្រកថ្ងៃនោះដែរ។
ការឧបត្ថម្ភអំណោយមនុស្សធម៌
ឆ្លើយតបនឹងការលំបាកជាក់ស្តែងទាំងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនដល់ដៃផ្ទាល់ រួមមាន៖ គ្រួសារទទួលអំណោយ ថវិកាឧបត្ថម្ភ សម្ភារៈ និងគ្រឿងឧបភោគបរិភោគ
១ លោក ឆូយ ម៉ាប់ (អតីតយុទ្ធជន) ១០០ ដុល្លារសហរដ្ឋអាមេរិក ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគមួយចំនួន
២ ប្រជាពលរដ្ឋ ០២គ្រួសារ (ខ្វះខាតខ្លាំង) ទទួលបានថវិកាមួយចំនួន ស័ង្កសីចំនួន ៤០សន្លឹក (ក្នុងមួយគ្រួសារ) ព្រមទាំងស្បៀងអាហារ
តំណាងគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងពីរគ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណជាពន់ពេកចំពោះការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានគោរពជូនពរជ័យសិរីសួស្ដីដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ ឱ្យជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

