ខេត្តកំពង់ធំ៖ វិធានការក្តៅរបស់កងកម្លាំងចម្រុះក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានធ្វើឱ្យក្រុមជនល្មើសទាល់ច្រក រហូតដាច់ចិត្តកាប់ទម្លាក់ឈើចម្រៀកប្រមាណ ៤ ម៉ែត្រគូប ចោលនៅក្នុងព្រៃសហគមន៍ រួចបើកគោយន្តរត់គេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណា សមត្ថកិច្ចបានអះអាងថា នឹងមិនឱ្យជនល្មើសរួចផុតពីសំណាញ់ច្បាប់ឡើយ។
ព្រឹត្តិការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ក្នុងពេលដែលកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ ចុះល្បាតស្រាវជ្រាវ និងបានប្រទះឃើញឈើជម្រៀកចំនួន ២ ពំនូក (ប្រមាណជា ៤ ម៉ែត្រគូប) ត្រូវបានលាក់ទុកនៅក្នុងតំបន់ព្រៃសហគមន៍អូដាសស្គរ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ភ្លាមៗនៅរសៀលថ្ងៃដដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំសហការីចុះទៅត្រួតពិនិត្យមើលស្ថានភាពដល់ទីកន្លែងផ្ទាល់ ដើម្បីវាយតម្លៃ និងចាត់វិធានការបន្ត។
ផ្អែកតាមការស្រាវជ្រាវរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា ឈើចម្រៀកទាំងនេះជាផលចោរកម្មដែលក្រុមជនល្មើសលួចកាប់ និងដឹកជញ្ជូនដោយខុសច្បាប់ចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ កាលពីរាត្រីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៦។ មុនឈានដល់ការទាល់ច្រកនេះ កម្លាំងសមត្ថកិច្ចទើបតែបានចាប់ឃាត់គោយន្តដឹកឈើចំនួន ២ គ្រឿង កាលពីវេលាទៀបភ្លឺ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ រួចបញ្ជូនទៅកាន់មន្ត្រីរដ្ឋបាលព្រៃឈើទំរីង រួចរាល់ហើយ។ ដោយសារមានការយាមល្បាត និងស្ទាក់ផ្លូវយ៉ាងតឹងរ៉ឹងពីសំណាក់កងកម្លាំងចម្រុះ ទើបក្រុមជនល្មើសមិនអាចដឹកជញ្ជូនឈើដែលសេសសល់ចេញទៅគោលដៅបាន ក៏សម្រេចចិត្តទម្លាក់ឈើចោល រួចបើកគោយន្តរត់គេចខ្លួនតែម្តង។
ក្រោយពីបានពិភាក្សា និងសុំយោបល់សម្រេចពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាឱ្យកងកម្លាំងចម្រុះ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការផ្នែកសឹករងសណ្ដាន់ ប្រមូល និងដឹកជញ្ជូនឈើចម្រៀកខុសច្បាប់ទាំងនោះ ទៅប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវតែបន្តស្រាវជ្រាវ វែករកមុខសញ្ញាជនល្មើសដែលបង្កសកម្មភាពបំផ្លាញព្រៃឈើទាំងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន ដោយមិនអនុញ្ញាតឱ្យជនណាម្នាក់ស្ថិតនៅក្រៅសំណាញ់ច្បាប់ឡើយ។ លោកបានសង្កត់ធ្ងន់ដោយលើកឡើងនូវប្រសាសន៍របស់ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថា៖ «មានតែកុកទេដែលភ្លេចជង់ ប៉ុន្តែជង់មិនដែលភ្លេចកុកឡើយ»។
ទោះបីជាកន្លងមក ក្រុមជនល្មើសនៅតែឆ្លៀតឱកាសលួចប្រព្រឹត្តបទល្មើសដោយមិនរញើតច្បាប់យ៉ាងណាក្ដី ក៏វិធានការបង្ក្រាប “ដូចភ្លៀងរលឹម” របស់សមត្ថកិច្ចខេត្តកំពង់ធំ ក្រោមការដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ទោ សោម ស៊ុន ទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការចូលរួមការពារសម្បត្តិធម្មជាតិរបស់ជាតិ៕

