(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី ក្រុមការងារចម្រុះដឹកនាំដោយ លោក អ៊ូ សុភ័ណ្ឌ អនុប្រធានខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់មួយ ពាក់ព័ន្ធនឹងករណីការសាងសង់សំណង់រឹងអាណាធិបតេយ្យនៅលើដីតំបន់៣ ដែលស្ថិតក្នុងចំណុចភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរដែនដី និងតំណាងសារព័ត៌មាន រួមមាន៖
១. លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ (និងជាម្ចាស់សំណង់)
២. លោក សុខ ភារិទ្ធ តំណាងមន្ទីរធនធានទឹក និងឧតុនិយម
៣. លោក ឈឹម បាន នាយរងផ្នែកជលផល
៤. លោក កែវ ធូ នាយសង្កាត់ជលផលឆ្នុកទ្រូ
៥. លោក ឈិន តួ តំណាងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប
៦. លោក បាន សុវណ្ណារិទ្ធ មន្ត្រីផ្នែកជលផល
៧. លោក កាំង សំវិទ្យា មន្ត្រីអធិការដ្ឋានជលផល
៨. រួមទាំងតំណាងអ្នកសារព័ត៌មានពីអង្គភាព SBT, ព័ត៌មានអច្ឆរិយៈ និង UMA TV អនឡាញ ផងដែរ។
នៅក្នុងឱកាសនោះ លោក សុខ ភារិទ្ធ តំណាងមន្ទីរធនធានទឹក បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការសាងសង់សំណង់រឹងនៅលើតំបន់៣ ដែលជាតំបន់ការពារ និងហាមឃាត់ដាច់ខាតដោយច្បាប់ គឺទង្វើខុសច្បាប់ទាំងស្រុង។ ជាមួយគ្នានេះដែរ លោក អ៊ូ សុភ័ណ្ឌ អនុប្រធានខណ្ឌរដ្ឋបាលជលផល ក៏បានយល់ស្របនិងបញ្ជាក់បន្ថែមថា ការសាងសង់សំណង់អាណាធិបតេយ្យនៅលើដីតំបន់៣ គឺមិនត្រូវបានអនុញ្ញាតឱ្យមានជាដាច់ខាត ព្រោះវាជាការរំលោភបំពានលើដីធ្លីរបស់រដ្ឋ។
ជាការឆ្លើយតប លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ ដែលជាម្ចាស់សំណង់ផ្ទាល់ បានទទួលស្គាល់កំហុស និងមានប្រសាសន៍ថា លោកពិតជាបានសាងសង់ខុសច្បាប់ពិតប្រាកដមែន ដោយមិនមានការប្រកែកតវ៉ានោះទេ ហើយលោកសន្យាថា ប្រសិនបើរាជរដ្ឋាភិបាល ឬថ្នាក់លើតម្រូវការដីនោះវិញ លោកនឹងប្រគល់ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។
ក្រោយពីការពិភាក្សាដេញដោល ក្រុមការងារចម្រុះបានឯកភាពគ្នា សំណូមពរឱ្យលោកមេឃុំ ផ្អាក និងបញ្ឈប់សកម្មភាពសាងសង់បែបនេះបន្តទៀត ព្រោះទីតាំងនេះជាដីព្រៃលិចទឹក និងជាកន្លែងត្រីពងកូនដែលត្រូវការពារយ៉ាងម៉ឺងម៉ាត់។ ទោះជាយ៉ាងណាក៏ដោយ ចំពោះវិធានការបន្ត ក្រុមការងារបានសម្រេចរង់ចាំការពិនិត្យ សម្រេច និងការណែនាំជានីតិវិធីពីថ្នាក់លើ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន និងដើម្បីជៀសវាងកុំឱ្យមានការយល់ច្រឡំណាមួយកើតឡើងនៅថ្ងៃក្រោយ៕

