បង្ក្រាបរថយន្ត ២គ្រឿង លួចដឹកសាច់បង្កកខុសច្បាប់ជាង ៣តោន យកទៅដុតកម្ទេចចោល

​ខេត្តតាកែវ៖ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការនាំចូលសាច់បង្កកគ្មានគុណភាព កម្លាំងចម្រុះនៃរដ្ឋបាលស្រុកអង្គរបូរី បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ចាប់បានរថយន្តចំនួន ០2គ្រឿង ដែលលួចដឹកជញ្ជូនសាច់បង្កកខុសច្បាប់សរុបជាង ៣តោន យកទៅដុតកម្ទេចចោលភ្លាមៗ។
​ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០ ២៦ នេះ យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក។
​កម្លាំងចម្រុះរួមមាន៖
​កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី (ដឹកនាំដោយ លោក នួន ប៉ិន អធិការនគរបាលស្រុក)
​ស្នងការដ្ឋាននគរបាលខេត្តតាកែវ
​សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្ត
​ការិយាល័យគយនិងរដ្ឋាករបាក់ដៃ
​ជាលទ្ធផល បន្ទាប់ពីការដេញស្ទាក់ និងត្រួតពិនិត្យជាក់ស្តែងលើរថយន្តសង្ស័យទាំង ០២គ្រឿងខាងលើ ក្រុមការងារចម្រុះបានរកឃើញសាច់បង្កកនាំចូលដោយខុសច្បាប់ គ្មានលិខិតអនុញ្ញាត និងគ្មានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារអនាម័យត្រឹមត្រូវ សរុបចំនួន ៣៨៥កេស ដែលមានទម្ងន់ស្មើនឹង ៣.០៤២ គីឡូក្រាម។
​ក្រោយពីបានរកឃើញបទល្មើសជាក់ស្តែង និងដោយអនុវត្តតាមបទបញ្ជា និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ក្រុមការងារចម្រុះបានសម្រេចដឹកជញ្ជូនវត្ថុតាងសាច់បង្កកអត់ច្បាប់ទាំងនោះ យកទៅដុតកម្ទេចចោលភ្លាមៗ នៅទីតាំងរណ្តៅសម្រាមទួលស្លែង ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដើម្បីជៀសវាងការហូរចូលទៅក្នុងទីផ្សារ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ប្រជាពលរដ្ឋ។
​រដ្ឋបាលស្រុកអង្គរបូរី ក៏ដូចជាគណៈបញ្ជាការឯកភាពស្រុក បានបញ្ជាក់ថានឹងបន្តរឹតបន្តឹងយន្តការត្រួតពិនិត្យ និងបង្ក្រាបរាល់ការនាំចូលទំនិញខុសច្បាប់ ជាពិសេសគ្រឿងឧបភោគបរិភោគខូចគុណភាព ឬគ្មានប្រភពច្បាស់លាស់ ដើម្បីការពារផលប្រយោជន៍ និងសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានជាដាច់ខាត៕

Leave a Reply

Your email address will not be published. Required fields are marked *