ឱសានវាទ ១ខែ ឱ្យបុគ្គលម្នាក់កាយដីដែលចាក់រំលោភចូលចំណីទន្លេចេញវិញ បើមិនចង់ប្រឈមមុខច្បាប់ ​

​ខេត្តកំពង់ឆ្នាំង ៖ ក្រោយទទួលបានព័ត៌មានជុំវិញករណីមានម្ចាស់ដីមួយកន្លែង ស្ថិតក្នុងភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច បានធ្វើសកម្មភាពចាក់ដីរំលោភចូលទន្លេយ៉ាងគឃ្លើន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានចាត់តាំងក្រុមការងារចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្រាវជ្រាវលើករណីនេះជាបន្ទាន់។
​ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក ជា សុខរិទ្ធ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចម្រុះខេត្ត បានដឹកនាំកម្លាំងចុះទៅពិនិត្យទីតាំងជាក់ស្តែង។ ជាលទ្ធផល ក្រុមការងារបានរកឃើញថា ម្ចាស់ដីខាងលើមានឈ្មោះ ប៉េង ពិសិដ្ឋ និងភរិយាឈ្មោះ ស៊ន សុភា មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាបានចាក់ដីរំលោភបំពានចូលចំណីទន្លេ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋប្រាកដមែន។
​ដើម្បីដោះស្រាយករណីនេះ អាជ្ញាធរខេត្តបានសម្រេចដាក់វិធានការក្តៅ ដោយកំណត់ឱសានវាទរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី២៤ ខែឧសភា រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឱ្យម្ចាស់ដីត្រូវតែស្តារ និងកាយដីដែលបានចាក់រំលោភចូលទន្លេនោះចេញវិញទាំងស្រុងឱ្យដូចស្ថានភាពដើម។
​ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏បានដាក់ការណែនាំដាច់ខាតចំនួន ៣ចំណុច រួមមាន៖
​ត្រូវបញ្ឈប់ សកម្មភាពចាក់ដីនៅលើទីតាំងនេះបន្តទៀតជាដាច់ខាត។
​ត្រូវស្តារ និងរក្សា ទីតាំងដីនេះ ឱ្យស្ថិតក្នុងស្ថានភាពដើម (ស្ថានភាពមុនពេលចាក់ដី)។
​ហាមឃាត់ ការសាងសង់សំណង់គ្រប់ប្រភេទ នៅលើទីតាំងដីសាធារណៈរបស់រដ្ឋនេះ។
​អាជ្ញាធរខេត្តនឹងបន្តតាមដានការអនុវត្តរបស់ម្ចាស់ដីយ៉ាងម៉ឺងម៉ាត់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃឱសានវាទ។ ប្រសិនបើម្ចាស់ដីមិនព្រមអនុវត្តតាមការណែនាំទេនោះ អាជ្ញាធរនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
​គួរបញ្ជាក់ផងដែរថា យោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានពន្យល់ថា ផ្អែកលើអនុក្រឹត្យលេខ ៩៨ ស្តីពីការគ្រប់គ្រងអាងទន្លេ ចំណីទន្លេត្រូវរក្សាទុកចម្ងាយ ៥០ម៉ែត្រពីច្រាំង។ ដូច្នេះ ទីតាំងដែលបានចាក់ដីនេះ គឺស្ថិតនៅក្នុងចំណីទន្លេទាំងស្រុង ដែលជាដីសាធារណៈរបស់រដ្ឋ (ទោះបីជាម្ចាស់ដីសុំច្បាប់ចាក់ដី ក៏អាជ្ញាធរ និងមន្ត្រីជំនាញមិនអាចចេញលិខិតអនុញ្ញាតឱ្យបានដែរ ប៉ុន្តែប្រជាពលរដ្ឋអាចប្រើប្រាស់សម្រាប់អាស្រ័យផលធម្មតាបាន)។
​ការចាក់ដីរំលោភចូលទន្លេ ឬដែនទឹកសាធារណៈ គឺជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសកម្ពុជា។ ផ្អែកតាមច្បាប់ភូមិបាល ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងក្រមបរិស្ថាននិងធនធានធម្មជាតិ ទន្លេ ព្រែក បឹងបួរ និងឆ្នេរ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបុគ្គលណាម្នាក់មិនអាចកាប់កាប់ ឬធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។
​សកម្មភាពរំលោភបំពានទាំងនេះ បង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដូចជា៖ ធ្វើឱ្យប្រែប្រួលចរន្តទឹក ស្ទះផ្លូវទឹក បណ្តាលឱ្យបាក់ច្រាំង និងអាចបង្កជាគ្រោះទឹកជំនន់ ព្រមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ី ជម្រកត្រីពងកូន និងជីវៈចម្រុះក្នុងទឹក ថែមទាំងធ្វើឱ្យបាត់បង់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *