——————
កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់ជំរិតកុមារីអាយុ៥ឆ្នាំ និងទារប្រាក់ពីឪពុកម្តាយចំនួន ១ម៉ឺនដុល្លារ នៅមូលដ្ឋានឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គីម វណ្ណា អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពចាប់កុមារីរងគ្រោះឃុំឃាំងដោយខុសច្បាប់ និងផ្ញើសារទៅកាន់ឪពុកម្តាយ ដើម្បីទារប្រាក់ចំនួន ១ម៉ឺនដុល្លារ តាមវីង ដោយកំណត់ពេលត្រឹម១ម៉ោង។ ក្នុងសារនោះ ជនសង្ស័យបានគំរាមថា ប្រសិនបើមិនបង់ប្រាក់តាមការទាមទារ នឹងសម្លាប់កុមារីរងគ្រោះ ហើយក៏បានព្រមានមិនឲ្យរាយការណ៍ទៅសមត្ថកិច្ច ឬប្រាប់អ្នកជិតខាងឡើយ។
ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសាររងគ្រោះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលមូលដ្ឋាន បានបើកប្រតិបត្តិការស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ រហូតឈានដល់ការចាប់ខ្លួន។ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ ដែលបង្កឲ្យមានការតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ និងមហាជន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

