ដោយ : ភ្នំធំ / ភ្នំពេញ :អាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២៦បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីហិង្រសាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម ប្រដាប់ដោយដុំថ្ម និងដែកទីបធ្វើសកម្មភាពដេញវាយ និងគប់គ្នាទៅវិញទៅមក នៅចំណុចឃ្លាំងដាក់រថយន្តបូមលូ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ។
រហូតដល់វេលាម៉ោងប្រហែល១៣និង០៩នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងបានចំនួន ០២នាក់៖ ១-ឈ្មោះ ឃាង កា ភេទប្រុស អាយុ១៧ឆ្នាំ និង ២-ឈ្មោះ ចាប សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចទីតាំងឃ្លាំងដាក់រថយន្តបូមលូខាងលើ ដែលក្មេងទំនើងទាំង០២នាក់សម្ងំលាក់ខ្លួន ។
កម្លាំងបានបញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
វត្ថុតាងចាប់យក ៖ ១.ដែកទីបមូលចំនួន០១ដើម, ២.ដែកទីបជ្រុងចំនួន០៤ដើម, ៣.ដុំថ្មចំនួន០៣ដុំ រួមនឹងសម្ភារៈមួយចំនួនទៀត។
ក្រោមវិធានការជំនាញ ក្មេងទំនើងទាំង០២នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា : ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាដូចការរៀបរាប់ខាងលើ ប្រាកដមែន ហើយកន្លងមកនៅចំណុចខាងលើពួកខ្លួន និងបក្ខពួកបានធ្វើសកម្មភាពយកដុំថ្ម និងដែកទីបគប់គ្នាចំនួន០៣លើករួចមកហើយ។
ក្មេងទំនើងទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ហើយសមត្ថកិច្ចជំនាញ ក៏កំពុងបន្តស្រាវជ្រាវបក្ខពួកជនសង្ស័យពាក់ព័ន្ធអំពើហិង្សារនេះ ដែលរត់គេចខ្លួន ៕

៊
