រាជធានីភ្នំពេញ៖ ស្រ្តីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទ ដែលបានប្រើប្រាស់ពាក្យសម្ដីអសុរស និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើវីរកងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាផ្លូវការហើយ ពាក់ព័ន្ធនឹងករណី «ធ្វើឲ្យខូចទឹកចិត្តកងទ័ព»។
ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះអនុវត្តការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ នៅចំណុចបុរី ML (ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ)។
អត្តសញ្ញាណជនសង្ស័យ៖
ឈ្មោះ៖ ចិន្តា សុវណ្ណារី
ភេទ៖ ស្រី
អាយុ៖ ៣២ ឆ្នាំ
ជនជាតិ៖ ខ្មែរ
មុខរបរ៖ អាជីវករ (លក់ដូរ/ម្ចាស់ហាងទូរស័ព្ទ)
ទីលំនៅបច្ចុប្បន្ន៖ បុរី ML ផ្ទះលេខ១ ផ្លូវលេខ១ ភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សមត្ថកិច្ច អំពើល្មើសខាងលើបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៧:០០នាទី តាមរយៈការប្រើប្រាស់ពាក្យសម្ដីអសុរស់ និងប្រមាថយ៉ាងធ្ងន់ធ្ងរមកលើកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារជាតិ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

