(កំពង់ធំ)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ព្រមទាំងលើកទិសដៅការងារបន្តសម្រាប់ខែកក្កដា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីកងកម្លាំងចំណុះជិត ៣០០នាក់ (២៦០នាក់)។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ គុណបំណាច់ និងការខិតខំប្រឹងប្រែងរបស់បងប្អូនកងកម្លាំងទាំងអស់ ក្នុងការអនុវត្តតួនាទីភារកិច្ចជំនាញនាពេលកន្លងមក។ ជាពិសេស ក្នុងបេសកកម្មការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីរាជការជុំវិញខេត្ត ដោយធានាបានសុវត្ថិភាពល្អប្រសើរបំផុត គួរជាទីមោទនៈ។
ដើម្បីធានាបាននិរន្តរភាពការងារ លោកឧត្តមសេនីយ៍ទោ ស្នងការ បានដាក់ចេញនូវទិសដៅការងារគន្លឹះចំនួន ០៥ ចំណុច ដល់កងកម្លាំងទាំងអស់ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដូចខាងក្រោម៖
ទី១. ការពង្រឹងវិន័យ និងការត្រៀមអន្តរាគមន៍៖ ត្រូវបន្តពង្រឹងការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ ដោយត្រួតពិនិត្យលើការស្លៀកពាក់ឯកសណ្ឋាន ពាក់សញ្ញាសម្គាល់នគរបាលជាតិឱ្យបានត្រឹមត្រូវតាមបទវិន័យ និងត្រួតពិនិត្យវត្តមានជាក់ស្ដែងក្នុងការងារគោរពទង់ជាតិ ការងារសង្គម និងការប្រចាំការផ្លាស់ប្ដូរវេន ២៤ម៉ោង លើ ២៤ម៉ោង នៅក្នុងអង្គភាព ដើម្បីត្រៀមខ្លួនចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា ក្នុងករណីមានគ្រោះចរន្ត ឬបាតុភូតធម្មជាតិនានា។
ទី២. ការងារនគរបាលព្រហ្មទណ្ឌ៖ បើទោះបីជាសភាពការណ៍បទល្មើសមានការកើនឡើង តែបងប្អូនកងកម្លាំងត្រូវតែចេញអន្តរាគមន៍ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ព្រមទាំងចាត់ការផ្ដន្ទាទោសទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។
ទី៣. ការងារសណ្តាប់ធ្នាប់សាធារណៈ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាក្ដីព្រួយបារម្ភ ដែលអាចកើតឡើងគ្រប់ពេលវេលា ដោយសារការធ្វេសប្រហែស និងមិនគោរពច្បាប់។ ហេតុនេះ សូមឱ្យមន្ត្រីជំនាញសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមគោលដៅងាយរងគ្រោះ បញ្ជ្រាបកម្លាំងជាប្រចាំដើម្បីជួយសម្រួលចរាចរណ៍ បង្ការការកកស្ទះ និងជួយចម្លងសិស្សានុសិស្សនៅតាមទីតាំងប្រឈមនានា។
ទី៤. ការងារអត្តសញ្ញាណកម្ម៖ មន្ត្រីជំនាញត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានលឿន និងទាន់ចិត្ត។
ទី៥. ការគ្រប់គ្រងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា៖ ត្រូវបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវ អនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងត្រូវសកម្មក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។
ជាថ្មីម្ដងទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែងដល់លោកអធិការនគរបាលក្រុង-ស្រុក ទាំងអស់ ចំពោះការងារគ្រប់គ្រងមុខសញ្ញា និងការបង្ក្រាបបទល្មើសក្មេងទំនើងបានទាន់ពេលវេលា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋរស់នៅដោយភាពកក់ក្តៅ៕

