ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋកំពុងសម្តែងការមិនពេញចិត្ត និងដាក់ការសង្ស័យយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់អាជ្ញាធរមូលដ្ឋាន ក្រោយពីឃើញមានសំណង់រឹងចំនួន ២ទីតាំង កំពុងសម្រុកសាងសង់រំលោភចូលដីចំណីទន្លេយ៉ាងរលូន ដោយគ្មានការទប់ស្កាត់ ឬអនុវត្តវិធានការរដ្ឋបាលណាមួយឡើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា សំណង់ខុសច្បាប់ទាំង ២ទីតាំងនោះរួមមាន៖
ទីតាំងទី១៖ ស្ថិតក្នុងភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច។
ទីតាំងទី២៖ ស្ថិតក្នុងភូមិព្រែកគន្លង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋបានលើកឡើងថា សំណង់បេតុងធំៗបែបនេះ មិនអាចលួចសាងសង់ក្នុងរយៈពេលខ្លីដោយគ្មានអ្នកដឹងឡើយ។ ការឱ្យមានការសាងសង់យ៉ាងរលូនបែបនេះ បានបង្កជាសំណួរយ៉ាងធំចំពោះប្រសិទ្ធភាព ភាពស្អាតស្អំ និងការអនុវត្តច្បាប់របស់អាជ្ញាធរនៅមូលដ្ឋាន។
ជុំវិញករណីនេះ លោក ថៃ ហ៊ី មេភភូមិតាជេស បានបំភ្លឺថា ដោយសាររយៈពេល ៦ខែនេះ លោកមានជំងឺ ទើបចាត់ចែងឱ្យលោកអនុភូមិទទួលបន្ទុកការងារបណ្តោះអាសន្ន។ ទោះជាយ៉ាងណា លោកបានអះអាងថា សំណង់រឹងដែលកំពុងសាងសង់នោះជារបស់ជនជាតិវៀតណាម ហើយការធ្វើលើដីចំណីទន្លេគឺគ្មានច្បាប់ទម្លាប់ណាមួយអនុញ្ញាតឡើយ ប៉ុន្តែលោកបានសារភាពថា៖ «ពេលខ្លះចេះតែបិទភ្នែកបិទច្រមុះទៅ»។
ដោយឡែក លោកស្រី ស្វាយ ស៊ីម មេឃុំតាជេស បានប្រាប់ឱ្យដឹងដែរថា អាជ្ញាធរឃុំពុំមានសមត្ថកិច្ចចេញច្បាប់អនុញ្ញាតសាងសង់ឱ្យនោះទេ គឺមានតែតាមរយៈយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក ទើបមានសិទ្ធិសម្រេច។
ពាក់ព័ន្ធនឹងការរិះគន់នេះ លោក ព្រុំ ប៊ុនធឿន អភិបាលរងស្រុកកំពង់ត្រឡាច ទទួលបន្ទុកវិស័យសំណង់ស៊ីវិល បានបញ្ជាក់ថា លោកនឹងយករឿងនេះរាយការណ៍ជូនអភិបាលស្រុក ដើម្បីរៀបចំកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះពិនិត្យផ្ទាល់។
ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋនៅតែទទូច និងសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មេត្តាចាត់ក្រុមការងារជំនាញចុះពិនិត្យ សិក្សាផ្លូវច្បាប់ និងផលប៉ះពាល់ជាបន្ទាន់។ ជាពិសេស សុំឱ្យមានការធ្វើអធិការកិច្ចចំពោះមន្ត្រីថ្នាក់ក្រោមណា ដែលមានការឃុបឃិតបំផ្លាញដីរដ្ឋ (មន្ត្រីកន្ទេលធំបន្លំដេក) ដើម្បីអនុវត្តវិធានការច្បាប់ និងរដ្ឋបាលឱ្យបានតឹងរឹងបំផុត។
ការសាងសង់សំណង់បេតុង ផ្ទះ ឬអគារនានារំលោភលើដីចំណីទន្លេ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺខុសច្បាប់ជាធរមាន និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដូចជា៖
បង្កការបំពុលទឹក និងបាត់បង់សោភ័ណភាពធម្មជាតិ។
ផ្លាស់ប្តូរចរន្តទឹក បង្កហានិភ័យបាក់ច្រាំងទន្លេ។
ធ្វើឱ្យរួមតូចចរន្តទឹកហូរ បង្កជាគ្រោះទឹកជំនន់នៅរដូវវស្សា។
បង្កការលំបាកដល់ការធ្វើដំណើរ និងការសង្គ្រោះតាមផ្លូវទឹក។
យោងតាមច្បាប់ ដីចំណីទន្លេជាដីសាធារណៈរបស់រដ្ឋ មិនអាចទិញ-លក់បានឡើយ ហើយអាជ្ញាធរក៏គ្មានសិទ្ធិចេញលិខិតអនុញ្ញាតសាងសង់ដែរ។ រដ្ឋមានសិទ្ធិបង្គាប់ឱ្យរុះរើដោយគ្មានសំណង ហើយអ្នករំលោភបំពានត្រូវប្រឈមមុខនឹងការផាកពិន័យ ឬទោសពន្ធនាគារ។
ជាចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរដល់ លោកអភិបាលស្រុកកំពង់ត្រឡាច មេត្តាឧស្សាហ៍ចុះមកត្រួតពិនិត្យតាមជួរដងទន្លេឱ្យបានញឹកញាប់ ដើម្បីទប់ស្កាត់បទល្មើសទាំងនេះទាន់ពេលវេលា៕
