រដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ឆ្មក់បង្ក្រាបការលក់សាច់សត្វព្រៃខុសច្បាប់ជិត ៦០គីឡូក្រាម នៅផ្សារសាមគ្គី ​


​(ខេត្តស្ទឹងត្រែង)៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបករណីជួញដូរសាច់សត្វព្រៃខុសច្បាប់ ស្ថិតនៅទីតាំងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។
​ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការដកហូតសាច់សត្វព្រៃចំនួន ៣ប្រភេទ ដែលមានទម្ងន់សរុបជិត ៦០គីឡូក្រាម។ ដោយឡែក ជនល្មើសបានដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោល។ បច្ចុប្បន្ន វត្ថុតាងសាច់សត្វព្រៃទាំងអស់ ត្រូវបានមន្ត្រីជំនាញយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
​នាឱកាសនោះដែរ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់សកម្មភាពបរបាញ់ ដឹកជញ្ជូន ជួញដូរ និងបរិភោគសត្វព្រៃគ្រប់ប្រភេទ ដើម្បីរួមគ្នាការពារ និងអភិរក្សជីវចម្រុះឱ្យបានគង់វង្ស។
​ជាមួយគ្នានេះ សមត្ថកិច្ចជំនាញក៏បានបញ្ជាក់ដែរថា នឹងបន្តយុទ្ធនាការរឹតបន្តឹង ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសសត្វព្រៃខុសច្បាប់បែបនេះជាបន្តបន្ទាប់ នៅតាមបណ្តាទីផ្សារ និងតំបន់គោលដៅនានាទូទាំងខេត្តស្ទឹងត្រែង៕

Leave a Reply

Your email address will not be published. Required fields are marked *