កំពង់ឆ្នាំង៖ នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក តាត សីហៈ នាយខណ្ឌរដ្ឋបាលជលផល និងរដ្ឋបាលស្រុកកំពង់លែង ដឹកនាំដោយលោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុក បានសហការជាមួយអាជ្ញាធរឃុំផ្លូវទូក និងឃុំប្រឡាយមាស ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ (រួមមានប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាស) បានចុះជួបប្រជុំ និងណែនាំប្រជាពលរដ្ឋរស់នៅតាមដងទន្លេ អំពីវិធានការនានាក្នុងរដូវបិទនេសាទ។
សរុបសមាសភាពដែលបានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានចំនួន ១១១ នាក់ (ក្នុងនោះមានស្រ្តីចំនួន ១៧ នាក់) ដោយផ្តោតលើខ្លឹមសារសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
១. ផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្តីពីការរដូវបិទនេសាទ សម្រាប់ឆ្នាំ២០២៦។
២. ផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជូនដល់ប្រជានេសាទ។
៣. ណែនាំ និងផ្សព្វផ្សាយអំពីការប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ (ខ្នាតតូច) ដែលច្បាប់អនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងរដូវបិទនេសាទ។
កម្មវិធី និងទីតាំងនៃការចុះផ្សព្វផ្សាយ៖
ពេលព្រឹក៖ ធ្វើឡើងនៅភូមិស្ងន់ និងភូមិផ្លូវទូកក្រៅ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។
ពេលរសៀល (ម៉ោង ០២:០០)៖ បន្តធ្វើឡើងនៅសាលាឃុំប្រឡាយមាស ស្រុកកំពង់លែង។
សារអំពាវនាវ និងការផ្តាំផ្ញើ
ជាទីបញ្ចប់ លោក ភារម្យ តាត សីហៈ នាយខណ្ឌរដ្ឋបាលជលផល និងលោក អេង ស្រស់វណ្ណៈ អភិបាលរងស្រុកកំពង់លែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ដែលបានចំណាយពេលចូលរួម។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំក៏បានផ្តាំផ្ញើ និងសំណូមពរយ៉ាងទទូចដល់ប្រជានេសាទទាំងអស់ សូមមេត្តាយោគយល់ និងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចក្នុងរដូវបិទនេសាទនេះ ជាពិសេសត្រូវរួមគ្នាប្តេជ្ញាចិត្តទប់ស្កាត់ និងលុបបំបាត់រាល់បទល្មើសនេសាទដែលច្បាប់ហាមឃាត់ដាច់ខាត ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី និង ការធ្វើសម្រស់ ជាដើម ដើម្បីរួមគ្នាថែរក្សាការពារធនធានមច្ឆជាតិឱ្យបានគង់វង្ស។

