ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ៏យ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា៧ខ្នង សរុបស្មើនឹង២៧បន្ទប់ នៅសាលារៀននិងឃុំនានាក្នុងស្រុកព្រះនេត្រព្រះ ដែលជាជំនួយកសាងនិងជួសជុលរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រឹស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
កម្មវិធីធ្វើរួមនៅសាលាបឋមសិក្សាកន្ត្រប់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ កាលពីថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៦។
ពិធីក៏មានការចូលរួមពីម្ចាស់ជំនួយលោក ម៉ាក បូល័រ (Mr. Mark Bowler) និងលោកស្រី អានេត បូល័រ (Annette Bowler) គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការ មន្ទីរ អង្គភាព ពាក់ព័ន្ធ អង្គការ ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន បងប្អូនប្រជាពលរដ្ឋជាច្រេីន។
ម្ចាស់ជំនួយលោក ម៉ាក បូល័រ (Mr. Mark Bowler) ក៏បានថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ការិយាល័យនិងមន្ទីរអបរំ យុវជន និងកីឡាខេត្ត –ស្រុក នាយកសាលា ដែលបានសម្របសម្រួលដល់ក្រុមការងាររបស់សមាគមក្នុងការជួយដល់សិស្សានុសិស្ស។
ជាពិសេសតាមរយៈនៃការសាងសង់ ឬជួសជុលសាលារៀន ឱ្យមានសោភ័ណភាពឡើងវិញ ដើម្បីជាការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់លើគុណភាពវិស័យអប់រំ ក៏ដូចជាជួយឱ្យកុមារសិស្សមានអគារសិក្សាសមរម្យ ។
នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងនូវអំណរគុណចំពោះសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់អគារសិក្សា សម្រាប់ការចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ តាមរយៈការជួយសាងសង់ ជួសជុល និងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ការបំពាក់សម្ភារ–បរិក្ខាសិក្សា ការគាំទ្រដល់ការបណ្តុះបណ្ដាលពង្រឹងសមត្ថភាពដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលនេះគឺជាផ្នែកមួយរួមចំណែកក្នុងការលើកកម្ពស់ និងកែលម្អគុណភាពសេវាអប់រំឱ្យកាន់តែបានលទ្ធផល មានភាពប្រសើរឡើង និងប្រកបដោយមានប្រសិទ្ធភាព។
លោកអ៊ុំ រាត្រី បន្តថា : សមាគមតែងតែជួយឧបត្ថម្ភ គាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យអប់រំ វិស័យសុខាភិបាលនិងវិស័យមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ។
ការបរិច្ចាគរបស់សមាជិកនៃសមាគមគឺដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សាសនា និន្នការនយោបាយឡើយ។
សូមបញ្ជាក់ថា ៖ អគារសិក្សា៧ខ្នង ស្មើនឹង ២៧បន្ទប់ ដែលជាអំណាយរបស់ សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលចំណាយអស់ទឹកប្រាក់សរុប ៥៥៤.៧៣២ ដុល្លារសរអា។
ក្នុងនោះមាន ៖ សាលាបឋមសិក្សាស្រមោច ១ខ្នង ស្មើ៤បន្ទប់, សាលាបឋមសិក្សាពពេល ១ខ្នង ស្មើ៣បន្ទប់, សាលាបឋមសិក្សាកន្ត្រប់ ១ខ្នងស្មើ ៦បន្ទប់, សាលាបឋមសិក្សាសំរោង ១ខ្នង ស្មើ៣បន្ទប់, សាលាបឋមសិក្សាទឹកជោរ២ខ្នងស្មើ៧បន្ទប់, និងសាលាបឋមសិក្សា ភូមិថ្មី ១ខ្នងស្មើ ៤បន្ទប់ ៕

