ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង៧ ក្នុងឃុំទួលគ្រើល និងជម្រុញឱ្យខិតខំបម្រើប្រជាពលរដ្ឋដោយឆន្ទៈ ​


​កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិទាំង៧ ក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

​ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សំណាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារបម្រើប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះ គឺក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យមានភាពនឹងនរ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែរួមចំណែកយ៉ាងមានតម្លៃក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅមូលដ្ឋានកន្លងមក។
​ឯកឧត្តមបណ្ឌិត បានជម្រាបជូនអង្គពិធីថា ការបោះឆ្នោតត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់អាណត្តិ ៥ឆ្នាំម្តង រួមមាន៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងការបោះឆ្នោតអសកលផ្សេងៗទៀត ដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (៦ឆ្នាំម្តង)។ ការបោះឆ្នោតនីមួយៗ សុទ្ធតែបានដំណើរការទៅប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ គោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងស្របតាមលក្ខខណ្ឌដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
​ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា នាពេលដ៏ខ្លីខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ នៅឆ្នាំ២០Writeខាងមុខ។
​ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ហេង សំណាង បានគូសបញ្ជាក់ថា ការរៀបចំក្រុមការងារគណបក្សចុះមូលដ្ឋានភូមិ គឺជាយន្តការមួយដើម្បីបន្តពង្រឹងស្មារតីទទួលខុសត្រូវ ចុះជាប់ជាមួយប្រជាពលរដ្ឋ និងអនុវត្តទិសដៅរបស់គណបក្សឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ក្រុមការងារគណបក្សនៅមូលដ្ឋានភូមិ មានតួនាទីសំខាន់ណាស់ ក្នុងនាមជាសរសៃឈាមតភ្ជាប់រវាងគណបក្ស និងប្រជាពលរដ្ឋ។ ដូចច្នេះ ក្រុមការងារទាំងអស់ត្រូវខិតខំបំពេញភារកិច្ច ដោយស្មារតីសាមគ្គីភាព ស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រជាពលរដ្ឋ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *