ខេត្តកំពង់ធំ៖ លោក ហោ គឹមឈា មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រៀល បានចេញសេចក្តីណែនាំ និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសម្ចាស់ទីតាំងជួលស្នាក់នៅទាំងអស់ (រួមមាន ផ្ទះជួល និងផ្ទះសំណាក់) ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ឱ្យបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការគ្រប់គ្រងសន្តិសុខក្នុងមូលដ្ឋាន។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឪ្យដឹងថា៖
ករណីទទួលភ្ញៀវអន្តរជាតិ៖ រាល់ការទទួលភ្ញៀវបរទេសឱ្យស្នាក់នៅ ត្រូវតែមានឯកសារគតិយុត្តត្រឹមត្រូវតាមច្បាប់។ ករណីរកឃើញថា ទីតាំងណាមួយទទួលភ្ញៀវអន្តរជាតិដោយគ្មានឯកសារច្បាស់លាស់ នឹងត្រូវប្រឈមការផាកពិន័យជាប្រាក់ចំនួន ៤,០០០,០០០ រៀល (ស្មើនឹង ១,០០០ ដុល្លារអាមេរិក) ឬលើសពីនេះ ទៅតាមស្ថានភាពជាក់ស្តែងនៃការល្មើសច្បាប់ ដោយគ្មានការលើកលែងឡើយ (កន្លងមកច្បាប់នេះក៏បានអនុវត្តចំពោះទីតាំងមួយចំនួនរួចរាល់ហើយដែរ)។
ករណីពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Scam Online)៖ ប្រសិនបើរកឃើញថា ម្ចាស់ទីតាំងមានការសហការ ឬបើកដៃឱ្យមានការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) ម្ចាស់ទីតាំងនោះនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ជាធរមាន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានឃុំទ្រៀលទាំងអស់ ជ្រាបជាព័ត៌មាន និងសូមមេត្តាកុំពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ទាំងនេះ។ ជាមួយគ្នានេះ សូមចូលរួមសហការរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាសម្អាតបទល្មើសក្នុងមូលដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងសេដ្ឋកិច្ចជាតិឱ្យបានកាន់តែរឹងមាំ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានព័ត៌មាន ឬសង្ស័យលើករណីណាមួយ សូមទំនាក់ទំនងរាយការណ៍ជាបន្ទាន់តាមរយៈលេខទូរស័ព្ទ៖
លេខប៉ុស្តិ៍នគរបាលឃុំទ្រៀល៖ 097 695 9266 / 089 379 497
លេខលោកមេឃុំទ្រៀល៖ 092 193 863 / 097 972 3863
