ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖
បត់បែនតាមស្ថានការណ៍ ។
បន្ទាប់ពីពិនិត្យឃើញថាពួកគេជាជនរងគ្រោះនិងមានពេលវេលាសមស្រប កម្លាំងសមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានព្រមនិងរៀបចំនីតិវិធីធ្វើការបណ្ដេញជនជាតិថៃជាង ៦០០នាក់ទៅប្រទេសដើមវិញ ។
ពោលគឺក្រោយឃាត់ខ្លួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា( Online Scam ) និងបទល្មើសមួយចំនួនទៀត។
ក្នុងនោះដែរ ក៏លេចធ្លាយថា ភាគីថៃស្នើកម្ពុជាដើម្បីបើកច្រកព្រំដែនខ្លងលឹក-ប៉ោយប៉ែតដើម្បីឲ្យទំនិញនិងពលរដ្ឋខ្លះអាចចេញ ចូលបាន រួមទាំងឲ្យផ្សាររោងក្លឿដំណើរការឡើងវិញ តាមការទាមទាររបស់ពលរដ្ឋថៃផងដែរ ។
យោងប្រភពពីសមត្ថកិច្ចនិងអាជ្ញាធរក្នុងប្រតិបត្តិការបានឲ្យដឹងថា : ជនជាតិថៃជាច្រើននាក់ ត្រូវបានចាប់ខ្លួនកាលពីពេលថ្មីៗកន្លងមក ពាក់ព័ន្ធសង្ស័យនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា( Scam Online ) និងបទល្មើសមួយចំនួនទៀត។
គិតមកទល់ម៉ោងជាង៤រសៀលថ្ងៃទី៣០ខែមេសានេះ កម្លាំងនគរបាលអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋាននិងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាននឹងកំពុងបំពេញនីតិវិធីនៃបណ្តេញចេញដោយបង្ខំនូវជនជាតិថៃដែលឆ្លងដែននិងធ្វើការដោយខុសច្បាប់នៅកម្ពុជា ជាបន្តបន្ទាប់។ដោយខ្លះត្រូវបានរៀបចំរួចរាល់ និងខ្លះទៀតត្រូវដឹកទៅកាន់ច្រកទ្វារតាមក្រោយទៀត។
គួររំលឹកថា ក្នុងអំឡុងថ្ងៃទី២២ខែមេសា មកនេះ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ( មានទាំងនគរបាល អាវុធហត្ថ និងថែមយោធា ) ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុង ប៉ោយ ប៉ែត ខេត្ត បន្ទាយ មានជ័យ រកឃើញជនបរទេស ជាច្រើននាក់។
មកទល់ថ្ងៃទី៣០ខែមេសា នេះ ភាគីថៃបានទទូចខ្លាំងឲ្យភាគីកម្ពុជាបើកច្រកព្រំដែនដើម្បី ខ្លួនអាចទទួលយកពលរដ្ឋខ្លួនដែលជាប់គាំងនៅកម្ពុជា បន្ទាប់ពីប្រព្រឹត្តិខុសច្បាប់និងរងគ្រោះ ។
ជាការឆ្លើយតប ភាគីកម្ពុជាបានយល់ព្រមតែលើការបណ្តេញចេញជនជាតិថៃជាង៦០០នាក់ ។
រីឯ ការបើកច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ភាគីកម្ពុជាថា មិនមានចាំបាច់នៅឡើយ ។
ហើយបើភាគី ថៃចង់បើក អាចបើកតែខាងច្រកព្រំដែនខាងខ្លួន ហើយបកស្រាយប្រាប់ពលរដ្ឋខ្លួនតាមស្ថានភាពរបស់ខ្លួនចុះ ៕

