/ បន្ទាយមានជ័យ : នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំដោយ លោក វរសេនីយ៍ឯក រស់ អៀម នាយការិយាល័យ ចូលរួមសហការ ពីមន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានធ្វើការឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាក Toyota Camry ។
យោងសមត្ថកិច្ចចម្រុះថា: រថយន្តតូចនោះ បានលួចលាក់ដឹកជញ្ជូនដោយខុសច្បាប់នូវសាច់បង្កក (ស្លាបមាន់) ទម្ងន់៥២៨ គីឡូក្រាម និងដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស ចេញពីប្រទេសថៃ ចូលមក ប្រទេសកម្ពុជាតាមច្រករបៀងឬហៅច្រកព្រំដែនដោយខុសច្បាប់ ប៉ុន្តែមិនបញ្ជាក់ថា នៅច្រករបៀងម្តុំណាឡើយ ។
សមត្ថកិច្ចបន្តថា: កម្លាំងចម្រុះដេញស្ទាក់ឃាត់បានរថយន្តនៅចំណុចលើផ្លូវជាតិលេខ៥៩ ស្ថិតក្នុងភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខខេត្តបន្ទាយមានជ័យ ប៉ុន្តែថា ម្ចាស់រថយន្តនិងជាអ្នកបើកបរ បានរត់គេចខ្លួនបាត់ហើយ ។
លុះដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្រោមការការដឹកនាំនិងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងមានការចូលរួមពី មន្ត្រីជំនាញនៃការិយាល័ផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានបន្តនីតិវិធី។
ដោយក្នុងនោះបាននាំទៅដុតកម្ទេចចោលនូវវត្ថុតាងស្លាបមាន់បង្កក) ទាំងអស់នៅចំណុចដីឡូត៍ក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

