ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាឱ្យចាត់វិធានការច្បាប់តឹងរ៉ឹងលើក្រុមជនល្មើស កាប់ទន្ទ្រានព្រៃសហគមន៍អូរក្រញូង ក្នុងឱកាសបុណ្យចូលឆ្នាំ។

(ខេត្តកំពង់ធំ)៖ កម្លាំងចម្រុះខេត្តកំពង់ធំ បានចុះត្រួតពិនិត្យ និងវាយតម្លៃការខូចខាតផ្ទៃដីព្រៃសហគមន៍អូរក្រញូង ស្ថិតក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការកាប់ទន្ទ្រានថ្មីៗក្នុងអំឡុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

​នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានដឹកនាំមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យទីតាំងផ្ទាល់ ដើម្បីរៀបចំកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។

​យោងតាមការបញ្ជាក់ពី លោក ហេង លីហួ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ និង លោក ម៉ៅ ធា ប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានឱ្យដឹងថា៖

ផ្ទៃដីសរុប៖ សហគមន៍មានផ្ទៃដីជាង ១,៦០០ ហិកតា (បច្ចុប្បន្ននៅសល់ប្រមាណ ១,២០០ ហិកតា)។

ផ្ទៃដីរងការប៉ះពាល់៖ ក្នុងការចុះពិនិត្យនេះ រកឃើញការកាប់ទន្ទ្រានសរុប ៩ ហិកតា ១៥ អា

ក្នុងនោះជាង ៣ ហិកតា ត្រូវបានកាប់ទន្ទ្រានថ្មីៗក្នុងឱកាសចូលឆ្នាំខ្មែរ ចំណែកជាង ៦ ហិកតា ទៀត ជាដីដែលត្រូវបានលួចកាប់កាលពីឆ្នាំកន្លងទៅ ហើយទើបតែធ្វើសកម្មភាពដុតសម្អាតនាពេលនេះ។

​ក្នុងឱកាសចុះពិនិត្យនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានធម្មជាតិ ដែលជាសម្បត្តិរដ្ឋសម្រាប់កូនចៅជំនាន់ក្រោយ។ លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចជំនាញ រួមមាន៖
ត្រូវសហការជាមួយប្រធានសហគមន៍ ដើម្បីស្វែងរកមុខសញ្ញាជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។

ហាមដាច់ខាតមិនឱ្យមានការដាំដុះដំណាំអ្វីទាំងអស់លើផ្ទៃដីដែលកាប់រួច ដើម្បីទុកឱ្យព្រៃឈើដុះលូតលាស់ឡើងវិញ។

លោកបានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដល់កងកម្លាំងប្រចាំការ ដើម្បីបង្កើនសកម្មភាពល្បាត ការពារមិនឱ្យមានការកាប់ទន្ទ្រានជាថ្មីទៀតឡើយ។ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *