ខេត្តកំពង់ធំ ប្ដេជ្ញាបន្តយុទ្ធនាការបោសសម្អាតការឆបោកតាម Online ក្រោយមានការណែនាំពីក្រសួងមហាផ្ទៃ

(កំពង់ធំ)៖ ឯកឧត្តម សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្តកំពង់ធំ បន្តពង្រឹងកិច្ចសហការត្រួតពិនិត្យ និងស្រាវជ្រាវតាមដានរាល់ទីតាំងសង្ស័យ ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីក្នុងភូមិសាស្ត្រខេត្ត។

​ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរក្រុង-ស្រុកទាំង៩។

​ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន បុត្ត បានរាយការណ៍អំពីលទ្ធផលការងារកន្លងមក ដែលរដ្ឋបាលខេត្តបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការចុះត្រួតពិនិត្យតាមបណ្តាគោលដៅសំខាន់ៗ រួមមាន៖ ក្រុមហ៊ុន រោងចក្រ សហគ្រាសដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារ ព្រមទាំងទីតាំងសង្ស័យនានា ដើម្បីធានាថាគ្មានការលួចលាក់ធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកើតឡើងក្នុងខេត្តកំពង់ធំនោះឡើយ។

​មានប្រសាសន៍ណែនាំបន្ថែម ឯកឧត្តម សួស អង្គារ៍ បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ៣៖

​១. ពង្រឹងការផ្សព្វផ្សាយ៖ បន្តជំរុញគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ជាពិសេសការយល់ដឹងពីល្បិចកលនៃការឆបោកតាម Online ដល់សាធារណជន និងយុវជន។

២. កិច្ចសហការជំនាញ៖ កម្លាំងនគរបាល និងអាជ្ញាធរត្រូវបែងចែកភារកិច្ចឱ្យច្បាស់លាស់ ក្នុងការចុះត្រួតពិនិត្យតាមសណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងសង្ស័យផ្សេងៗ។

៣. វិធានការបោសសម្អាត៖ ត្រូវបន្តចុះស្រាវជ្រាវដល់មូលដ្ឋាន ដើម្បីកំណត់មុខសញ្ញា និងបង្ក្រាបឱ្យទាន់ពេលវេលានូវរាល់សកម្មភាពដែលពាក់ព័ន្ធនឹង Online Scam។

​ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កិច្ចការងារនេះទាមទារនូវការយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល៕

Leave a Reply

Your email address will not be published. Required fields are marked *