អភិបាលស្រុកស្ទោង ចុះសួរសុខទុក្ខគ្រួសារកងទ័ព និងជនភៀសសឹក ព្រមទាំងលើកទឹកចិត្តពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងអាហារជូនដល់គ្រួសារកងទ័ព និងជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

​ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពដែលបញ្ហាព្រំដែនមិនទាន់មានភាពប្រក្រតី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តស្ដាប់ និងជឿជាក់លើការដឹកនាំ និងយុទ្ធសាស្ត្រដោះស្រាយបញ្ហារបស់រាជរដ្ឋាភិបាល ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីធានានូវបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

​ទន្ទឹមនឹងនេះ លោក សាយ គឹមឡម ក៏បានណែនាំដល់បងប្អូនកងទ័ព និងគ្រួសារជនភៀសសឹក ឱ្យយកចិត្តទុកដាក់លើកត្តាដូចខាងក្រោម៖

ការរស់នៅ៖ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ «បីល្អ»។

សុខសុវត្ថិភាព៖ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ដូចជា ភ្លៀង ផ្គរ រន្ទះ និងជំងឺឆ្លងផ្សេងៗ។

ការសហការ៖ ក្នុងករណីមានបញ្ហាសុខភាព ឬបញ្ហាបន្ទាន់ ត្រូវរាយការណ៍ទៅអាជ្ញាធរ ឬមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា។

​ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរឃុំចំណាលើ ដែលបានយកចិត្តទុកដាក់ជួយសាងសង់ផ្ទះ និងបន្ទប់ទឹកជូនគ្រួសារជនភៀសសឹកទាំង ០៦គ្រួសារ សម្រាប់ស្នាក់នៅបណ្ដោះអាសន្ន។

​ជាកិច្ចបញ្ចប់ លោកបានឧបត្ថម្ភថវិកាដល់វីរកងទ័ពចំនួន ០២រូប (ម្នាក់ៗ ១០ម៉ឺនរៀល) និងបានផ្ដល់ជូនគ្រួសារជនភៀសសឹកទាំង ០៦គ្រួសារ នូវគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ ៣០គីឡូក្រាម, គ្រឿងបរិភោគចាំបាច់, សម្លៀកបំពាក់ និងកៅស៊ូតង់ផងដែរ៕ដោយ អ៊ួង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *