បន្តឆ្មក់ចុះបង្រ្កាប១ទីតាំង លើអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែត, សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង៣០០នាក់

/ បន្ទាយមានជ័យ : អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦   លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online ) នៅទីតាំង១កន្លែងទៀត ។
គឺមានចំនួន២អគារ( ដែលសង្ស័យម្ចាស់ មានជាមន្ត្រីសមត្ថកិច្ចនៅមូលដ្ឋានដែរ ) ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។

តាមព័ត៌មានបឋមដែលផុសដោយគេហទំព័រនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ ដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ។

សូមរំលឹកថា កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៦ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះបានឆ្មក់បង្ក្រាបទីតាំងឆបោកតាមអនឡាញ( Scams Onlines ) ២ទីតាំងស្មើ៣អគារនៅប្លុកប្រជុំជនក្រុងដ៏មមាញឹកនាភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី១-នៅក្បែរហាងសាច់អាំងកំពង់ចាម ដែលមានអគារ១៦ជាន់ និងទី២-មួយទៀតក្បែរស្ថានីយ៍ប្រេងអិលអេចអ( LHR ) ។
ក្នុងនោះបានឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យសរុបចំនួន  ៤០២នាក់ / ស្រី ៣៦នាក់ មាន១០សញ្ជាតិ រួមមាន ៖ ចិន វៀតណាម បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ជីគីស្ថាន ឥណ្ឌា នេប៉ាល់ ហ្សកហ្សី និងរឹបអូសមធ្យោបាយ វត្ថុតាងរាប់សិបមុខ  ៕

Leave a Reply

Your email address will not be published. Required fields are marked *