​សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២៨ នាក់ (វៀតណាម ២៧ នាក់) ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការមួយនៅភ្នំពេញ ​

​រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន ២៨ នាក់ ក្នុងនោះមានស្ត្រី ០៦ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរនៅចំណុចផ្ទះលេខ ២N បុរី Park Villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការសង្ស័យថា ក្រុមជនសង្ស័យបានលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។
​ប្រតិបត្តិការនេះ ដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវស្តីពីការឆបោកក្នុងទម្រង់ “លួងលោមស្នេហា” និង “កំហែងទារប្រាក់” រហូតឈានដល់ការបង្ក្រាបទីតាំងសង្ស័យខាងលើ។
​ក្នុងចំណោមជនសង្ស័យទាំង ២៨ នាក់ ដែលត្រូវបានឃាត់ខ្លួន មានជនជាតិវៀតណាមចំនួន ២៧ នាក់ (ស្រ្តី ០៦ នាក់) និងបុរសជនជាតិខ្មែរចំនួន ០១ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានរឹបអូសសម្ភារៈជាវត្ថុតាងមួយចំនួនធំ រួមមាន៖
​ម៉ូនីទ័រ (Monitor) ចំនួន ៣៩ គ្រឿង
​ស៊ីភីយូ (CPU) ចំនួន ១១ គ្រឿង
​ទូរសព្ទដៃ ចំនួន ១០០ គ្រឿង
​ស៊ីមកាត (SIM Card) មួយចំនួនទៀត។
​បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងកើតហេតុត្រូវបានបិទជាបណ្តោះអាសន្ន។
​សមត្ថកិច្ចជំនាញកំពុងបន្តសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីពង្រីកការស្រាវជ្រាវឈានទៅវែកមុខ និងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះ ស្របតាមក្របខណ្ឌយុទ្ធនាការបោសសម្អាតបទល្មើសខាងលើ។

Leave a Reply

Your email address will not be published. Required fields are marked *