រឿងអាស្រូវធំកំពុងកក្រើកនៅពន្ធនាគារក្រុងបាងកក

ដោយ : ភ្នំធំ / បាងកក-ថៃ :បន្ទប់ពិសេសអ្នកទោសចិន និងមន្ត្រី២០ នាក់។
រឿងអាស្រូវធំ ផ្ទុះកក្រើកពេញសង្គមថៃតាំងពីថ្ងៃទី ១៦ វិច្ឆិកាមកដល់ថ្ងៃនេះ (២២ វិច្ឆិកា) នៅពន្ធនាគារពិសេសក្រុងបាងកក បន្ទាប់ពីរកឃើញបន្ទប់កែប្រែសម្ងាត់ក្រោមជណ្តើរ សម្រាប់អ្នកទោសជនជាតិចិន រស់នៅយ៉ាងសុខស្រួលលើសស្តង់ដារពន្ធនាគារធម្មតា។

បន្ទប់នោះមានឧបករណ៍ សម្ភារប្រណីតសម្រាប់ប្រើប្រាស់ ព្រមទាំងអនុញ្ញាតឱ្យនាំនារីកាលីប (តារាម៉ូដែលជនជាតិចិន) ចូលបម្រើផ្លូវភេទបានទៀតផង ។
ការរៀបចំបែបនេះបញ្ជាក់ថា មិនអាចកើតឡើងបានប្រសិនបើគ្មានមន្ត្រីខាងក្នុងពាក់ព័ន្ធ។

រដ្ឋមន្ត្រីយុត្តិធម៌ថៃបានថ្លែងប្រាប់កាសែតថៃនិងបរទេសកាលពីថ្ងៃទី២២ខែវិច្ឆិកាថា : មានមន្ត្រីពន្ធនាគារ២០ នាក់ ត្រូវបានសង្ស័យថាជាផ្នែកនៃបណ្តាញពុករលួយដែលអនុញ្ញាតឱ្យមានបន្ទប់ប្រណីត និងអ្នកក្រៅចេញចូលបានស្រួល។ ក្រសួងយុត្តិធម៌ និង DSI កំពុងស៊ើបអង្កេតរួម ដើម្បីទប់ស្កាត់ពុករលួយក្នុងប្រព័ន្ធពន្ធនាគារ។

ក្លាយជាចំណុចក្តៅនៃសង្គមថៃ ដែលកំពុងមានភាពវឹកវរពេញប្រទេស បែរជារកឃើញអំណាចពុករលួយ និងអំណាចនៅក្នុងប្រព័ន្ធពន្ធនាគារ ដែលគេរកឃើញថាមានតាំងពីយូរណាស់មកហើយ ហើយធ្វើឱ្យ អ្នកទោសជនជាតិចិនមានបទល្មើសធ្ងន់ៗ ប្រើប្រាស់ប្រាក់ដើម្បីរស់នៅបែបជាន់ខ្ពស់ក្នុងពន្ធនាគារ ដែលក៏បង្កសម្ពាធឱ្យរដ្ឋាភិបាលថៃឈឺក្បាលមិនតិច ៕

Leave a Reply

Your email address will not be published. Required fields are marked *