ដោយ : ភ្នំធំ / វ៉ាស៊ីងតោន-ស រ អា :អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បាននិយាយថា កាលពីយប់មិញ ថៃបានទទួលការជូនដំណឹងពីអនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថា ភាគីសហរដ្ឋអាមេរិកបានផ្អាកការចរចាជាបណ្តោះអាសន្នសម្រាប់ការចរចាពន្ធគយរវាងថៃ និងសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគ (TIFA) ។
ការចរចានឹងអាចបន្តឡើងវិញបាន លុះត្រាតែភាគីថៃប្តេជ្ញាអនុវត្តតាមសេចក្តីការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅទីក្រុងគូឡាឡាំពួរ ។ហើយអាមេរិកសង្ឃឹមថា ដំណោះស្រាយអាចត្រូវបានរកឃើញយ៉ាងឆាប់រហ័ស។
លោកថ្លែងដូច្នេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីការវិវត្តចុងក្រោយបំផុតនៃស្ថានភាពព្រំដែនថៃ-កម្ពុជា នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ប្រទេសថៃបានបង្ហាញការខកចិត្តចំពោះជំហររបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអំពីការផ្អាកការចរចារពន្ធគយនេះ។ នៅពេលត្រូវបានសួរថា តើថៃនឹងធ្វើអ្វីបន្តបន្ទាប់ពីទទួលបានលិខិតពីអាមេរិក ទាក់ទងនឹងពន្ធគយ លោក Nikorndej បាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ចាន់វីរៈគុល បានប្រាប់លោក ដូណាល់ ត្រាំ ថាថៃបានទុកបញ្ហាព្រំដែនទ្វេភាគីរវាងប្រទេសថៃនិងកម្ពុជា និងបញ្ហាពាណិជ្ជកម្ម ជារឿងពីរដាច់ដោយឡែកពីគ្នា។ ក្នុងន័យនេះលោកចង់ឱ្យអាមេរិកដាក់រឿងពីនេះផ្សេងពីគ្នា មិនគួរឡូកឡំគ្នាឡើយ។ លោកថាមួយជាបញ្ហាសន្តិសុខព្រំដែនកម្ពុជា-ថៃ និងមួយទៀតពាក់ព័ន្ធនឹងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសថៃ និងសហរដ្ឋអាមេរិក។
នៅក្នុងការសន្ទនារបស់លោក អានុទីន លោកបានប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្ម និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា ជំហររបស់ថៃគឺទុកបញ្ហាទាំងពីរជារឿងដាច់ដោយឡែកពីគ្នា និងស្នើសុំអាមេរិកថា វិធានការពន្ធគយមិនគួរត្រូវបានប្រើប្រាស់ជាថ្នូរនោះទេ។ លោកជឿជាក់ថា អាកប្បកិរិយារបស់លោកប្រធានាធិបតីអាមេរិក គឺជាអាកប្បកិរិយាយោគយល់ចំពោះប្រទេសថៃ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ ថាប្រទេសថៃនៅតែស្វាគមន៍ និងទទួលស្គាល់តួនាទីស្ថាបនារបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រប្រទេសថៃ និងកម្ពុជា ក្នុងការបន្ធូរបន្ថយភាពតានតឹង និងឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងការសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្ត្រីថៃ អានុទីន និងលោក ត្រាំ។ ទោះជាយ៉ាងនេះក្តី ប្រទេសថៃនឹងបន្តទៅមុខទៀត ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន ដោយផ្តល់អាទិភាពដល់សន្តិភាព។
អតីតអ្នកសារព័ត៌មានជាន់ខ្ពស់កាសែតKhaosod English លោក Pravit Rojanaphruk បាននិយាយថា នៅឆ្នាំ២០២៤ អតិរេកពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយអាមេរិកមានចំនួន១.២ពាន់ពាន់លានបាត។ លោកចង់ឱ្យអ្នកគាំទ្រនិយមជ្រុលភ្ញាក់ឡើងបើមិនចង់ឃើញវាមានទំហំធំជាងនេះ ហើយត្រូវដឹងថាប្រទេសថៃមិនមែនជាមហាអំណាចទេ ហើយក៏មិនមែនជាមហាអំណាចកម្រិតរុស្ស៊ីដែរ។ ដូច្នេះអ្នកត្រូវតែគោរពតាម ទោះបីជានេះមិនមែនជាអ្វីដែលអ្នកចង់បានក៏ដោយ។
គួរឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រោយប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគីជាមួយកម្ពុជា លោក អានុទីន បាននិយាយច្បាស់ៗលោកក៏មិនខ្លាចការគំរាមកំហែងពន្ធរបស់សហរដ្ឋអាមេរិកទេបើមិនចង់រកស៊ីជាមួយគ្នាថៃក៏នឹងលក់ទំនិញទៅប្រទេសផ្សេងទៀត។ លោកថា បើទោះបីជាសហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើទំនិញថៃដោយសារបញ្ហានេះក៏ដោយ ដ្ឋាភិបាលរបស់លោកនឹងដាក់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពសាធារណៈ ជាអាទិភាពលើសពីការព្រួយបារម្ភផ្នែកពាណិជ្ជកម្ម។ ពោលលោកមិនខ្វល់ថានឹងរងទណ្ឌកម្មពន្ធជាការសងសឹកពីអាមេរិកនោះទេ៕

