កំពង់ឆ្នាំង៖ ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំអំពិលទឹក កម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទស្ទឹងស្ងួត និងសហគមន៍ព្រែកកន្លង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់ជុំវិញខេត្តកំពង់ឆ្នាំង។ ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយប្រើប្រាស់កាណូត ១០ គ្រឿង និងកម្លាំងសរុប ៤២ នាក់។
ការបង្ក្រាបផ្តោតលើបទល្មើសនេសាទដោយប្រើរបាំងសាច់អួន និងរបាំងស្បៃមុងក្រឡាញ់ញឹក ដែលមានទំហំតូចជាង ០.០៣ ម៉ែត្រ នៅចំណុចចុងបឹងវាលស្រងែ ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង, តំបន់ភូមិអូម៉ាល់ និងភូមិស្តីបន្លិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច, និងចំណុចព្រែកភ្លង ភូមិភ្លង ឃុំពាមឆ្កោក ស្រុកជល់គីរី។
បំផ្លាញរបាំងសាច់អួន និងរបាំងស្បៃមុងចំនួន ៣៣ កន្លែង ប្រវែងសរុប ១,៦២០ ម៉ែត្រ
ដកហូត និងបំផ្លាញលបលូសាច់អួន និងស្បៃមុង ៥៧ គ្រឿង និងបង្គោល ៦៧០ ដើម
ចាក់លែងកូនត្រីចម្រុះចំនួន ២០៥ គីឡូក្រាមត្រឡប់ចូលដែននេសាទវិញ
សមត្ថកិច្ចបានរុះរើ និងបំផ្លាញវត្ថុតាងខុសច្បាប់នៅនឹងកន្លែង ដោយអនុលោមតាមច្បាប់ស្តីពីជលផល។ លោក លី ឡា បានអំពាវនាវដល់ប្រជានេសាទឱ្យប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ និងចៀសវាងការប្រើឧបករណ៍ខុសច្បាប់ ដើម្បីរួមចំណែកថែរក្សាមច្ឆជាតិឱ្យបានគង់វង្ស និងផ្តល់ផលប្រយោជន៍សម្រាប់សហគមន៍ទាំងមូល។

