មន្ត្រីបរិស្ថានខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចកាប់ឈើខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់


​(ខេត្តក្រចេះ)៖ មន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងទៅកាន់សាលាដំបូងខេត្តក្រចេះហើយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយឃាត់ខ្លួនបានខណៈកំពុងធ្វើសកម្មភាពកាប់ឈើដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ។
​យោងតាមរបាយការណ៍ពីមន្ទីរបរិស្ថានខេត្តបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១៖១៥នាទី ព្រឹក មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះ ចំនួន ០៥នាក់ ដឹកនាំដោយលោក ថាំង ស្រស់ អនុប្រធានស្នាក់ការ បានចុះល្បាតក្នុងឯកសណ្ឋានត្រឹមត្រូវ នៅចំណុចភ្នំក្រហម ក្នុងភូមិសាស្ត្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។
​ក្នុងប្រតិបត្តិការចុះល្បាតនោះ កម្លាំងជំនាញបានប្រទះឃើញជនសង្ស័យចំនួន ០២នាក់ កំពុងធ្វើសកម្មភាពលួចអារឈើដោយខុសច្បាប់។ ជាលទ្ធផល មន្ត្រីឧទ្យានុរក្សបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ចំណែកឯម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។
​ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានដកហូតវត្ថុតាងមួយចំនួននៅនឹងកន្លែង រួមមាន៖
​រណាយន្តធុនតូច ចំនួន ០១គ្រឿង
​កាំបិតដងវែង ចំនួន ០១
​ពូថៅ ចំនួន ០១
​បច្ចុប្បន្ន ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានក្រុមមន្ត្រីជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *