​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ


​ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្នុងភូមិថ្នល់បំបែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីយោធិនក្រោមឱវាទយ៉ាងច្រើនកុះករ។
​នៅក្នុងឱកាសនោះ លោកមេបញ្ជាការបានលើកឡើង និងសង្កត់ធ្ងន់លើរបៀបវារៈសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖
​១. សភាពការណ៍អន្តរជាតិ និងបញ្ហាព្រំដែនកម្ពុជា-ថៃ
​លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងសភាពការណ៍វិវត្តន៍ថ្មីៗនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកបានកត់សម្គាល់ថា បច្ចុប្បន្នភាគីថៃបានបង្កហេតុរំោភលើសេចក្ដីប្រកាសរួមស្ដីពីបទឈប់បាញ់ (កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥) ដោយបានចល័តកម្លាំង គ្រឿងចក្រ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាលើខ្សែបន្ទាត់ព្រំដែន ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ សកម្មភាពបង្កហេតុ និងការផ្ទុះអាវុធជាញឹកញាប់ពីភាគីថៃ ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បទឈប់បាញ់ ខណៈដែលភាគីកម្ពុជាបាននឹងកំពុងគោរពកិច្ចព្រមព្រៀងនេះយ៉ាងពេញលេញ។
​២. ការអនុវត្តវិធានការក្តៅលើបទល្មើសបច្ចេកវិទ្យា (Online Scam)
​លោកមេបញ្ជាការបានផ្សព្វផ្សាយនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ក្នុងកិច្ចប្រជុំសំណេះសំណាលកាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។ អនុសាសន៍នោះបានសង្កត់ធ្ងន់លើវិធានការមុតស្រួចក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)៖
​កម្រិតមូលដ្ឋាន៖ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរួមគ្នាកម្ចាត់ទម្រង់ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់។
​ចំពោះបុគ្គលពាក់ព័ន្ធ៖ ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីការប្រព្រឹត្តបទល្មើស។
​ចំពោះមន្ត្រីអសកម្ម៖ អ្នកដែលដឹងថាមានការជាប់ពាក់ព័ន្ធ ឬខកខានមិនបានចាត់វិធានការបង្ក្រាប ត្រូវប្រឈមនឹងការដកហូតមុខតំណែង និងចាត់វិធានការតាមច្បាប់ជាធរមាន។
​៣. ការពង្រឹងការងារកែទម្រង់កងទ័ព និងការការពារធនធានធម្មជាតិ
​ទន្ទឹមនឹងនេះ លោកមេបញ្ជាការបានផ្សព្វផ្សាយច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរភូមិន្ទ និងបានក្រើនរំឭកដល់យោធិនគ្រប់រូបឱ្យ៖
​ចូលរួមអនុវត្តបទបញ្ជាឱ្យបានម៉ឺងម៉ាត់ និងប្ដេជ្ញាចិត្តខ្ពស់ក្នុងវិធានការស៊ីជម្រៅនៃកំណែទម្រង់រចនាសម្ព័ន្ធកងទ័ព តាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
​ប្រុងប្រៀបខ្លួនជាស្រេចក្នុងការការពារបូរណភាពទឹកដី និងចូលរួមប្រយុទ្ធប្រឆាំងនឹងសកម្មភាពឆបោក (Online Scam) ចាប់ពីកម្រិតបុគ្គលរហូតដល់កម្រិតអង្គភាព។
​ម្ចាស់ការយ៉ាងសកម្មក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មិនឱ្យកើតមានឡើងជាថ្មីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសគឺបទល្មើសព្រៃឈើ និងបទល្មើសនេសាទ។
​ជាទីបញ្ចប់ យោធិនគ្រប់រូបនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសម្តែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា និងអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើការងារកំណែទម្រង់កងទ័ព ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *