(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរឃុំកំពង់ចិនត្បូង ដែលបានរៀបចំផែនការវិនិយោគអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំកំពង់ចិនត្បូង កាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
ក្នុងពិធីនោះ លោកអភិបាលស្រុកបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗចំនួន ៣៖
ផែនការច្បាស់លាស់៖ ដើម្បីប្រើប្រាស់ថវិកាមូលនិធិឃុំឱ្យមានប្រសិទ្ធភាព អាជ្ញាធរត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងកិច្ចសហការល្អជាមួយក្រុមការងារចុះជួយមូលដ្ឋាន ដើម្បីបញ្ចៀសការអនុវត្តគម្រោងជាន់គ្នា។
ការចូលរួមពីពលរដ្ឋ៖ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន និងមិនត្រូវរំលោភបំពានចំណីផ្លូវ ឬធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធលូ ដែលនាំឱ្យមានការកកស្ទះទឹក និងខូចខាតផ្លូវឆាប់រហ័ស។
គុណភាពសំណង់៖ លោកបានណែនាំដល់ក្រុមហ៊ុនដែលឈ្នះការដេញថ្លៃ ត្រូវអនុវត្តការសាងសង់ឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា ដើម្បីធានាឱ្យសំណង់រឹងមាំ ប្រើប្រាស់បានយូរអង្វែង និងទាន់ពេលវេលា។
គួរបញ្ជាក់ថា គម្រោងដែលដាក់ដេញថ្លៃនេះ គឺជាគម្រោងមូលនិធិឃុំឆ្នាំ២០២៦ ដែលរួមមាន៖
ការសាងសង់ផ្លូវបេតុងអាមេ៖ ប្រវែង ៣៦០ ម៉ែត្រ, ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ។
ការដំឡើងស្លាកសញ្ញាគម្រោង៖ ចំនួន ១ កន្លែង។
តម្លៃប៉ាន់ស្មានសរុប៖ ១៨៣,០៥០,១៤០ រៀល។
កិច្ចដំណើរការដេញថ្លៃនេះ បានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមនីតិវិធី និងមានតម្លាភាព ដោយមានការចូលរួមសង្កេតការណ៍ពីសំណាក់អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ៕ដោយ អ៊ួង សុផាយ

