ទីបំផុតបានស្រុះស្រួលលើការយាងរូបសំណាក”ព្រះវិស្ណុជិះគ្រុឌ” ពីខេត្តឧត្តរមានជ័យមកកាន់ទីតាំងដើមនៅខេត្តសៀមរាបវិញ

ដោយ : ភ្នំធំ / សៀមរាប :ទោះបីជាមានការខ្វែងគំនិតនិងចម្រូងចម្រាស់ខ្លះ តែទីបំផុតបានស្រុះស្រួល រលូនឥឡូវនេះលើការស្នើយាងរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ” ព្រះនារាយណ៍ជិះគ្រុឌ” ពីខេត្តឧត្តរមានជ័យមកកាន់ទីតាំងដើមនៅខេត្តសៀមរាបវិញ។
មានការតស៊ូមតិរវាងអ្នកសៀមរាប ជាមួយអ្នកឧត្តរមានជ័យលើបញ្ហាការយាង រូបសំណាកព្រះវិស្ណុ គង់លើគ្រុឌ មកកាន់ទីតាំងដើមនៅខេត្ត សៀមរាបវិញ ។

ក្នុងនោះ អ្នកខាងឧត្តរមានជ័យ ចាប់ផ្តើមមិនសូវសប្បាយចិត្ត មានអ្នកបង្ហោះវីដេអូស្តាយស្រណោះ មិនអស់អាល័យ ចំពោះរូបនេះណាស់ ព្រោះថា រូបនេះត្រូវបានគេយាងមកតម្កល់នៅខេត្តនេះ តាំងពីឆ្នាំ២០១០ មកដល់ឥឡូវ ១៦ឆ្នាំហើយ ។

ចំណែកអ្នកសៀមរាបនិងប្រជាជនទូទៅនៃខេត្តរាជធានីផ្សេងទៀត គេមានការសាទរ ចំពោះការយាងត្រឡប់មកវិញ រូបដើមទៅដាក់កន្លែងដើមវិញ ។
បើជាក់ស្តែងវាដូចជាអត់មានអ្វីទាស់ខុសទេ ព្រោះទ្រង់យាងទៅកាន់ទីតាំងចាស់របស់ទ្រង់ ដូចថា ត្រឡប់ទៅផ្ទះកំណើតវិញ ។
អ្នកស្រុកនិងមន្ត្រីរាជការខ្លះបានពន្យល់ថា ជាក់ស្តែង អ្នកឧត្តរមានជ័យគឺជាអ្នកសៀមរាបដដែលហ្នឹង ត្បិតអីដើមឡើយដែករដ្ឋបាលគឺខេត្តសៀមរាប-ឧត្តរមានជ័យ ។ ប៉ុន្តែនៅឆ្នាំ១៩៦៨ រាជការបានបង្កើតខេត្តឧត្តរមានជ័យដែលបំបែកចេញពីខេត្តសៀមរាបនិងខេត្តបាត់ដំបង។
លុះដល់ក្រោយឆ្នាំ១៩៧៩ដល់១៩៩៩ ក៏បង្រួមជាខេត្តសៀមរាប-ឧត្តរមានជ័យវិញ ។ ឆ្នាំ១៩៩៩ ក្រោយខ្មែរក្រហមធ្វើសមាហរណកម្ម រាជការបានបង្កើតខេត្តឧត្តរមានជ័យឡើងវិញ ដែលមានស្រុក៤និងក្រុង១ ចំណុះ ។

សូម្បីអ្នកបន្ទាយមានជ័យក៏ទុកខ្លួន ជាបាត់ដំបងដែរ ដោយដើមឡើយខេត្តបាត់ដំបងមានផ្ទៃដីធីទូលាយជាងគេ ដែលផ្ទៃដីសន្ធឹងតាំងស្វាយដូនកែវដល់សំឡូត ប៉ែលិន ក្រឡាញ់និងបន្ទាយអំពិល ឯណោះ ។

ឃើញអ្នកផ្សេងៗ មិនមានមតិអ្វីទេ មានតែបងប្អូន ៣-៤នាក់ ដែលបញ្ចេញមតិតាម បណ្តាញសង្គម មានការស្តាយស្រណោះ ហើយមានអ្នកចងផ្អោប រឿងរន្ទះបាញ់កណ្តាលបឹងនៅសំរោង ថា ជាប្រផ្នូល នេះអាចជាប្រផ្នូលមែន ព្រោះទ្រង់ចង់យាងទៅទីតាំងចាស់ទឹកដីកំណើតរបស់លោកវិញ បន្ទាប់ពីមកថែរក្សា អ្នកឧត្តរមានជ័យ អស់រយៈពេល ១៦ឆ្នាំ ដល់ពេលទ្រង់ត្រូវទៅបញ្ចេញឬទ្ធិ ដើម្បីការពារទឹកដីហើយ ថ្លែងសជ័យឲ្យសត្រូវវិនាសខ្ចាត់ខ្ចាយ ។

ការយាងទ្រង់ទៅវិញនេះសុទ្ធតែមានហេតុផលហើយ មិនមែនសុខៗគេយាងទ្រង់ត្រឡប់មកវិញទេ ។
ហើយលោកមានបារមី ខ្លាំងពូកែ សក្តិសិទ្ធិជួយទៅដល់គ្រប់ខេត្តរាជធានីនៃប្រទេសកម្ពុជានិងជួយដល់ជនរួមជាតិខ្មែរនៅទូទាំងពិភពលោក ។ លោកក័តាមការពារកូនចៅលោកដែរ កុំបារម្ភ ៕

Leave a Reply

Your email address will not be published. Required fields are marked *