​មហាជនហួសចិត្ត! កបប. បាត់ដំបង ហ៊ានភូតកុហកទាំងស្រស់ថាទុរេននាំចូលពីថៃជាទុរេនកំពង់ចាម តើមានអាថ៍កំបាំងអ្វីនៅពីក្រោយខ្នង?

 

ខេត្តបាត់ដំបង៖ កំពុងក្លាយជាប្រធានបទក្តៅគគុក និងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋ បន្ទាប់ពីមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប.) ខេត្តបាត់ដំបង បានចេញមុខការពារអ្នកនាំចូល និងអាជីវករ ដោយអះអាងទាំងបំពានថាទុរេនដែលដាក់លក់នៅផ្សារភូពុយ ជាទុរេនមកពីខេត្តកំពង់ចាម ខណៈដែលម្ចាស់ខ្លួនបានឆ្លើយសារភាពថាជាទុរេននាំចូលពីប្រទេសថៃ។
​ការពិតត្រូវបានលាតត្រដាង៖ ម្ចាស់ទុរេនសារភាពផ្ទុយពីមន្ត្រី
​កាលពីពេលថ្មីៗនេះ អាជីវករម្នាក់ឈ្មោះ អាឡែន ដែលដាក់លក់ទុរេននៅផ្សារភូពុយ ខេត្តបាត់ដំបង បានចេញមុខសារភាពដោយត្រង់ថា ទុរេនដែលខ្លួនកំពុងលក់នោះ គឺនាំចូលមកពីប្រទេសថៃ តាមច្រកកាប៊ីន ក្នុងខេត្តបាត់ដំបងពិតប្រាកដមែន។ ការសារភាពនេះ បានធ្វើឱ្យមហាជនស្រឡាំងកាំង ព្រោះកន្លងមកមន្ត្រី កបប. ខេត្តបាត់ដំបង បានព្យាយាមដោះសារ និងភូតកុហកមហាជនថា ជាទុរេននាំមកពីខេត្តកំពង់ចាម ដើម្បីបិទបាំងការពិត។
​មន្ត្រីជំនាញ ឬជាមន្ត្រីការពារអ្នកបោកប្រាស់?
​សំណួរជាច្រើនត្រូវបានចោទសួរថា៖
​តើក្នុងនាមជាមន្ត្រីជំនាញ កបប. ចេះត្រឹមតែជំនាញដោះសារ ភូតភរ និងបោកប្រាស់មហាជនតែប៉ុណ្ណោះឬ?
​តើ កបប. បាត់ដំបង ទទួលបានផលប្រយោជន៍អ្វីខ្លះពីអ្នកនាំចូលទុរេនពីថៃ ទើបសុខចិត្តលះបង់វិជ្ជាជីវៈមកកុហកប្រជាពលរដ្ឋបែបនេះ?
​ការដែលមន្ត្រីនិយាយភូតភរ មិនត្រឹមតែធ្វើឱ្យបាត់បង់ទំនុកចិត្តលើស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការសម្លាប់កសិករខ្មែរម្ចាស់ចម្ការទុរេនក្នុងស្រុកផងដែរ តាមរយៈការយកឈ្មោះទុរេនខ្មែរទៅបន្លំលក់ទុរេននាំចូល។
​ការអំពាវនាវដល់ថ្នាក់ដឹកនាំ
​ពាក់ព័ន្ធនឹងរឿងអាស្រូវនេះ ប្រជាពលរដ្ឋបានទទូចស្នើសុំ៖
​លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ មេត្តាជួយពិនិត្យ និងមានវិធានការវិន័យឱ្យបានតឹងរ៉ឹងបំផុតចំពោះមន្ត្រី កបប. ខេត្តបាត់ដំបង ដែលហ៊ានភូតកុហកសាធារណជន ដើម្បីការពារផលប្រយោជន៍បុគ្គល។
​អាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចព្រំដែន៖ ត្រូវពង្រឹងការត្រួតពិនិត្យការនាំចូលបន្លែ ផ្លែឈើស្រស់ និងផលិតផលនានាពីប្រទេសថៃឱ្យបានម៉ឺងម៉ាត់ ជៀសវាងការនាំចូលដោយខុសច្បាប់ ឬគ្មានការត្រួតពិនិត្យគុណភាពឱ្យបានត្រឹមត្រូវ។
​មហាជនកំពុងរង់ចាំមើលថា តើក្រសួងពាណិជ្ជកម្មនឹងមានចំណាត់ការបែបណា ចំពោះក្រុមមន្ត្រីដែល “ស៊ីប្រាក់ខែរាស្ត្រ ប៉ុន្តែបែរជាកុហករាស្ត្រ” ដើម្បីការពារម៉ូយរបស់ខ្លួនបែបនេះ?

Leave a Reply

Your email address will not be published. Required fields are marked *