ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង គោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ប្រាក់ ណារី អតីតយុទ្ធជនពិការ នៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

 

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានក្រុមលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង និងក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បាន​នាំយក​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ ទៅ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ និង​គោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ទោ ប្រាក់ ណារី អតីតយុទ្ធជនពិការ ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ​និងមាតុភូមិនាពេលកន្លងទៅ។

លោកអនុសេនីយ៍ទោ នួន ស៊ីថាល់​ ​ក្រុម​លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជនកម្ពុជា​ ខេត្តកំពង់​ធំ​ បានឡើងអានសាររំលែក​ទុក្ខ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្ត​ជន​កម្ពុជា​ ជូន​ចំពោះ​ក្រុម​គ្រួសារ​សព​ និងបានគូសបញ្ជាក់អំពីជីវប្រវត្តិរបស់លោកវរសេនីយ៍ទោ ប្រាក់ ណារី ដែល​ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ ១៩៧៩ នៅអង្គភាពយោធាខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការពារជាតិវាយតម្លៃដាក់ឲ្យចូលជាយោធិនពិការនៅឆ្នាំ ២០១៧ ។ លោកមានភរិយាឈ្មោះ កង សុខឃី អាយុ ៦៣ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ២នាក់ រស់នៅភូមិទី៣ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ លោកបានទទួលមរណភាព ក្នុង​ជន្មាយុ​ ៦៩​ ឆ្នាំ​ នៅវេលាម៉ោង​ ១៤ និង ៤០​ នាទីរសៀល ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៦ ម្សិលមិញនេះ ដោយរោគាពាធ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ លោកវរសេនីយ៍ទោ ប្រាក់ ណារី ជាអតីតយុទ្ធមិត្តដែលធ្លាប់រួមប្រយុទ្ធ​និងរួមការងារក្នុងសម័យសង្គ្រាមស៊ីវិល ក្នុងទសវត្សរ៍ ១៩៨០ -ដល់ទសវត្សរ៍ ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ។ លោក​ធ្លាប់បានចូលរួមបំរេីប្រយុទ្ឋក្នុង​នាម​ជាពេទ្យ​បឋម​ និងពេទ្យមធ្យម​ជាច្រើនសមរភូមិក្នុងសម័យសង្គ្រាមស៊ីវិល ដើម្បីការពារ ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នឹងបានចូលរួមអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ឆ្នាំ​ ១៩៩៨​ ដែលនាំមកនៅសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ សោម ស៊ុន និងសហការី បានគោរពវិញ្ញាណក្ខន្ធ និងបាន​សូម​បួងសួង​ សូមឲ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោ ប្រាក់ ណារី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារនៃសព ដោយបានថ្លែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកវរសេនីយ៍ទោ ប្រាក់ ណារី ដែលជាអតីតយុទ្ធជន ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ ។ ជាស្វាមី និងជាឪពុកដ៏ល្អ ក្នុងគ្រួសាររបស់លោកស្រី កង សុខឃី ដែលត្រូវជាភរិយា និងបានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល របស់​គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ជូនក្រុមគ្រួសារសព ដើម្បីរៀបចំពិធីបុណ្យសពនៅពេលនេះឲ្យបានសមរម្យ​ សមស្រប​ និង​គុណ​បំណាច់​របស់​គាត់​ចំពោះ​ជាតិ​ និង​មាតុ​ភូមិ​ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *