( កំពង់ធំ) ៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានលើកឡើងថា ” ក្រុមការងារគណបក្សឃុំត្រូវរៀបចំយុទ្ធសាស្ត្រឲ្យបានល្អិតល្អន់ដើម្បីទទួលបានជោគជ័យក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃខាងមុខនេះ” ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនឃុំជ័យ នៅទីស្នាក់ការគណបក្ស ក្នុងស្រុកកំពង់ស្វាយ ថ្ងៃទី ១៥ ខែ ឆ្នាំ ២០២៦។
លោកស្រីបានបន្តទៀតថាការរៀបចំផែនការច្បាស់លាស់គឺជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ឆ្ពោះទៅរកភាពជោគជ័យយ៉ាងធំធេងសំរាប់គណបក្ស ពីព្រោះវាបានបង្ហាញផ្លូវដែលយើងត្រូវដើរ បញ្ហាប្រឈម និងដំណោះស្រាយ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានត្រឹមត្រូវនិងទាន់ពេលវេលា។
លោកស្រីក៏បានផ្តល់នូវចំណុចអត្ថិភាពសំខាន់មួយចំនួនដូចខាងក្រោម÷
១. ត្រូវគៀងគរយុវជនដែលគ្រប់អាយុត្រូវបោះឆ្នោត ព្រមទាំងទិន្នន័យជាក់លាក់ឲ្យបានលឿនបំផុត
២. ត្រូវកំណត់ឲ្យបាននូវចំនួនគ្រួសារ ឬប្រជាជនដែលមិនទាន់បានបោះឆ្នោត
៣. ត្រូវធ្វើយ៉ាងណាពន្លឿនការរៀបចំឯកសារពាក់ព័ន្ធ អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យពួកគាត់អាចបោះឆ្នោតបាន
៤. ត្រូវដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា
៥. បន្តកសាងអំពើល្អជាប្រចាំដើម្បីបង្ហាញពីគុណធម៌ គុណតម្លៃ ពិសេសគឺ ការសម្រួលស្មារតីសតិអារម្មណ៏ប្រកបដោយក្រមសិលធម៏វិជ្ជាជីវ
៦. សមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជាឃុំទាំងអស់ត្រូវតែមានឯកភាពផ្ទៃក្នុងឲ្យបានល្អ
លើសពីនេះទៀតលោកស្រីបានកត់សំគាល់ថាគ្មានភាពជោគជ័យណាកើតឡើងដោយគ្មានការខិតខំប្រឹងប្រែងការលះបង់នោះទេ ដែលយើងមិនត្រូវមើលរំលងបានឡើយ។ ជាក់ស្តែងដោយសារមានបញ្ហាព្រំដែនជាមួយថៃ សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យពួកប្រឆាំងវាយប្រហារមកលើថ្នាក់ដឹកនាំរបស់យើងដែលមកដល់ពេលនេះលោកបានខិតខំដោះស្រាយដោយសន្តិវិធីនិងស្របតាមយន្តការអន្តរជាតិ។
លោកស្រីបានបញ្ជាក់ទៀតថាយើងត្រូវផ្តល់ទំនុកចិត្ត នឹងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានមមាញឹកក្នុងការដោះស្រាយបញ្ហា នឹងរក្សាបាននូវស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសុខសន្តិភាព ។
សូមបញ្ជាក់ថាក្នុងពិធីសំណេះសំណាលនេះលោកស្រីបានផ្តល់ជូនដល់សមាជិកសមាជិកាបក្សដោយម្នាក់ៗ ទទួលបានសម្ភារៈមួយចំនួន និងថវិកា២ម៉ឺនរៀលនិងឧបត្ថម្ភដល់សមាគមមនុស្សចាស់ឃុំជ័យក្រមា៥០សារុង៥០ និងថវិកា ៥០ម៉ឺនរៀល។ ឧបត្ថម្ភដំបូលសាលាឆទាន ភូមិល្វា ១លាន៨សែនរៀលឧបត្ថម្ភចាក់ដីជួសជុលផ្លូវគ្រោះក្រហម ៦០០,០០០រៀលសរុបថវិកា ចំណាយ៥លាន ៦៣ម៉ឺនរៀល ដែលថវិកាទាំងនេះបានចូលរួមពីក្រុមការងារចុះមូលដ្ឋានឃុំក្នុងស្រុកកំពង់ស្វាយ ៕

