បុរសម្នាក់ដើរទៅដាល់មន្ត្រីពន្ធនាគារខេត្តព្រះវិហារ ១ដៃចំផ្ទៃមុខ ដើមបីសុំចូលសម្រាកក្នុងគុក


​ខេត្តព្រះវិហារ៖ ករណីចម្លែកមួយបានកើតឡើងនៅមុខពន្ធនាគារខេត្តព្រះវិហារ ដោយបុរសម្នាក់បានធ្វើដំណើរទៅដល់ទីតាំងពន្ធនាគារដោយផ្ទាល់ ហើយបានប្រើប្រាស់ហិង្សាលើមន្ត្រីពន្ធនាគារដែលកំពុងបំពេញភារកិច្ច ដើម្បីឲ្យសមត្ថកិច្ចឃាត់ខ្លួនរូបគេចូលពន្ធនាគារ។
​យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅពេលដែលមន្ត្រីពន្ធនាគារកំពុងឈរយាមនៅច្រកទ្វារ។ ស្រាប់តែលេចមុខយុវជនវ័យ ២៦ ឆ្នាំរូបនោះ ដើរសំដៅទៅជិត ហើយបានរងវាយមួយដៃចំថ្ពាល់ខាងស្តាំរបស់មន្ត្រីពន្ធនាគារយ៉ាងពេញទំហឹង ដោយគ្មានដើមចោទ ឬមានទំនាស់ពាក្យសម្តីគ្នាពីមុននោះឡើយ។
​ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និងមន្ត្រីពន្ធនាគារបានឃាត់ខ្លួនជនបង្កនៅនឹងកន្លែង ដើម្បីនាំខ្លួនទៅសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
​តាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា ជនសង្ស័យរូបនេះមានប្រវត្តិពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដែលអាចជាមូលហេតុបណ្តាលឱ្យរូបគេបាត់បង់ម្ចាស់ការលើខ្លួនឯង និងបង្កើតជារឿងរ៉ាវខាងលើ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទោសតាមច្បាប់ជាធរមាន។

Leave a Reply

Your email address will not be published. Required fields are marked *