(បន្ទាយមានជ័យ)៖ កម្លាំងចម្រុះដឹកនាំដោយ លោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ទ្រង់ទ្រាយធំចំនួន ៣កន្លែងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែត ដោយបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យសរុប ១៤៥នាក់ (រួមមានជនជាតិខ្មែរ និងបរទេស) ព្រមទាំងដកហូតសម្ភារប្រព្រឹត្តបទល្មើសជាច្រើនគ្រឿង។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
លទ្ធផលនៃការចុះឆែកឆេរទីតាំងទាំង ៣កន្លែង៖
ទីតាំងទី១ (ផ្ទះវីឡា ២ខ្នងជាប់គ្នា): ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ក្រុមការងារមិនបានរកឃើញជនសង្ស័យ ឬសម្ភារប្រព្រឹត្តបទល្មើសឡើយ ដោយបានធ្វើការអប់រំម្ចាស់ទីតាំង និងអនុញ្ញាតឱ្យរស់នៅជាធម្មតា។
ទីតាំងទី២ (ផ្ទះជួល ២ល្វែង កម្ពស់ ៣ជាន់): ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។ សមត្ថកិច្ចបានរកឃើញជនជាតិខ្មែរ ២នាក់ (ប្រុស) ដែលមានតម្រុយប្រព្រឹត្តបទល្មើសឆបោក។ វត្ថុតាងដកហូតបានរួមមាន៖ ទូរស័ព្ទដៃ ៥គ្រឿង, កុំព្យូទ័រយួរដៃ ២គ្រឿង, CPU ១គ្រឿង, ម៉ូនីទ័រ ១គ្រឿង, ស៊ីមកាតខ្មែរ ៤៥សន្លឹក និងដុំ Wi-Fi ១គ្រឿង។ បច្ចុប្បន្ន ទីតាំងនេះត្រូវបានបិទ ហើយជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរ។
ទីតាំងទី៣ (អគារកម្ពស់ ៧ជាន់): ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ផ្សារកណ្តាល។ ក្រុមការងារបានរកឃើញមនុស្សសរុប ១៤៣នាក់ ក្នុងនោះមានជនបរទេស ១៣៣នាក់ (ស្រី ៥១នាក់) មាន ៣សញ្ជាតិ គឺ៖ វៀតណាម ៨២នាក់ (ស្រី ២៦នាក់), ថៃ ៣៣នាក់ (ស្រី ១៦នាក់), ចិន ១៨នាក់ (ស្រី ២នាក់) និងជនជាតិខ្មែរ ១៤នាក់ (ស្រី ៧នាក់)។
សម្ភារដែលត្រូវបានរឹបអូសនៅទីតាំងទី៣ រួមមាន៖ កុំព្យូទ័រ All-in-One ៣១៣គ្រឿង, ទូរស័ព្ទដៃ ២០២គ្រឿង, ម៉ូនីទ័រ ៩៦គ្រឿង, CPU ៣០គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង និងកាតការងារ ៨សន្លឹក។
ក្រោយប្រតិបត្តិការ ជនសង្ស័យសរុប ១៤៥នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលកងក្រុងសិរីសោភ័ណ ដើម្បីបន្តនីតិវិធី រីឯវត្ថុតាងទាំងអស់ត្រូវកម្លាំងសមត្ថកិច្ចដកហូតយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

