ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៤:១៣នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យឈ្មោះ យ៉ុង មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទៅកាន់អយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖
ម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យជាម៉ាទឹកកក) ចំនួន ០៥កញ្ចប់ (តូច ០៤កញ្ចប់ និងធំ ០១កញ្ចប់) ទម្ងន់សរុប ៧,៥៥ក្រាម (គិតទាំងសំបកវេចខ្ចប់)
ម៉ូតូ ម៉ាកហុងដាសង់ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KB-8932 ចំនួន ០១គ្រឿង
ទូរស័ព្ទដៃ ម៉ាក iPhone ចំនួន ០១គ្រឿង
ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅដល់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង រួចរាល់ហើយ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់៕
