កំពង់ធំ៖ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងបង្ខូចការយល់ឃើញរបស់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យស្ថានភាពកិច្ចគាំពារបរិស្ថានមានការចុះខ្សោយផងដែរ។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងវគ្គសិក្ខាសាលាស្តីពី «ការសរសេរអត្ថបទព័ត៌មាន ការកំណត់ព័ត៌មានក្លែងក្លាយ និងការរៀបចំផលិតរូបភាព-វីដេអូ សម្រាប់ផ្សព្វផ្សាយក្នុងវិស័យបរិស្ថាន» ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅក្នុងសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វាជាការចាំបាច់បំផុតដែលត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ដើម្បីកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ និងពង្រឹងយន្តការវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ។ ការណ៍នេះ ដើម្បីចៀសវាងការទទួល និងចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ដែលអាចបង្កជាបញ្ហាប្រឈមដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ក៏ដូចជាសង្គមជាតិទាំងមូល។
ឯកឧត្តមបានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានពិតប្រាកដ និងផ្លូវការចេញពីមន្ទីរ-អង្គភាព នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្តាញសង្គម ឱ្យមានការជឿជាក់លើការងារបរិស្ថាន ជាពិសេសលើបញ្ហាសំខាន់ៗដូចជា ទឹកជំនន់ គម្របព្រៃឈើ និងបញ្ហាបរិស្ថានទូទៅ។
ឯកឧត្តមក៏បានរំលេចផងដែរថា នៅក្នុងយុគសម័យឌីជីថល និងការរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យា អ្នកផ្សព្វផ្សាយព័ត៌មានចាំបាច់ត្រូវមានទំនួលខុសត្រូវខ្ពស់។ តាមរយៈសិក្ខាសាលានេះ សិក្ខាកាមបានពង្រឹងសមត្ថភាពបន្ថែមលើការវិភាគខ្លឹមសារ ការសម្គាល់ការបំភាន់ព័ត៌មាន និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
គួរបញ្ជាក់ផងដែរថា ដើមបីឆ្លើយតបបានទាន់ពេលវេលា ក្រសួងបរិស្ថានបានបង្កើតក្រុមការងារតេឡេក្រាម (Telegram Group) សម្រាប់តាមដាន និងផ្ទៀងផ្ទាត់អត្ថបទព័ត៌មាននានា ដែលក្រុមការងារបញ្ជូនចូល ដើម្បីបដិសេធ ឬបកស្រាយបំភ្លឺភ្លាមៗ ក្នុងករណីពិនិត្យឃើញថាជាព័ត៌មានមិនពិត ឬគ្មានប្រភពច្បាស់លាស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា វគ្គសិក្ខាសាលានេះនឹងផ្តល់នូវចំណេះដឹង និងបច្ចេកទេសសំខាន់ៗ យកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព័ត៌មានបរិស្ថាន និងការចែករំលែកព័ត៌មានដោយការទទួលខុសត្រូវ៕

