កសិករអរនឹងតម្លៃដំឡូងមីហក់ឡើងថ្លៃទ្វេដងនាឆ្នាំ២០២៦ នេះ ហើយថា អាចដោះស្រាយបន្ទុកជីវភាពនិងបំណុល

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ប្រជាកសិករបានត្រេកអរជាខ្លាំងនឹងតម្លៃដំឡូងមីពិសេសមើមស្រស់ហក់ឡើងថ្លៃទ្វេរដងបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២៥និងឆ្នាំ២០២៦ នេះ ហើយថា ចំណូលនេះអាចយកទៅដោះស្រាយបន្ទុកជីវភាព បំណុល ក៏ដូចជាចំណាយផ្សេងៗបាន

ដោយបានឡើងថ្លៃពីដើមខែកក្កដាដល់ខែសីហា នេះ នៅទីតាំងលានទិញភាគច្រើន តម្លៃមើមដំឡូងមីស្រស់ថ្លែ៣០០រៀលទៅ៣៥០រៀល/ គក្រឬ ៣០ម៉ឺនទៅ៣៥ម៉ឺនរៀល/ត ខណ:ដែលខែកក្កដានិងសីហានេះ កាលពីឆ្នាំ២០២៥  បានថ្លៃតែ១៦០រៀលទៅ១៨០រៀល/គក្រ ឬ ១៦ម៉ឺនរៀលទៅ១៨ម៉ឺនរៀល/ត ប៉ុណ្ណោះ ។
ចំពោះទិន្នផលវិញ ក៏បានតិចឬច្រើនដោយទីតាំងប្រភេទដីចម្ការ ដែលជាមធ្យមទិន្នផលបានពី២០ទៅ៤៥តោន/ហត ។ ហើយមានភ្លៀងធ្លាក់នារដូវវស្សាដូច្នេះ មើមដំឡូងមីក៏ដាក់ម្សៅ ណែននិងឡើងទម្ងន់ល្អផងដែរ ។

អ្នកស្រីសួន សុខ កសិករនៅភូមិទ្រាសឃុំទ្រាសស្រុកស្វាយចេកបានប្រាប់សារព័ត៌មានកាលពីថ្មីៗនាខែសីហាឆ្នាំ២០២៦ នេះថា: អ្នកស្រីបានដាំស្រូវចំនួន២ហិចតា ដាំដំឡូងមី៥ហិចតា ។ ចំពោះដំឡូងមី គ្រួសារអ្នកស្រីបានជម្នះចិត្តនិងមតិរារាំងរបស់អ្នកផ្សេងៗដែលមិនបានដាំពីដើមឆ្នាំ ត្បិតអីពីឆ្នាំ២០២៥ កន្លងមក ហាងឆេងទីផ្សារបានធ្លាក់ថ្លៃ ហើយកសិករភាគច្រើនបានខាតធ្ងន់ធ្ងរ និងរាងចាលនោះ ។
អ្នកស្រីបន្តថា: ពេលប្រមូលផល ដំឡូងមីស្រស់ហក់ឡើងថ្លៃដូច្នេះ  វាជួយលើកកម្ពស់ជីវភាព ដោះស្រាយចំណាយថ្លៃដើមលើការភ្ជួររាស់ ពូជ ជី ថ្នាំបំប៉ន ថ្នាំកម្ចាត់កត្តាចង្រៃ ការដាំដុះ ការថែទាំ  ការប្រមូលផលជាដើម ។

ចំពោះលោកសំ ហុកចាន់ កសិកររស់នៅភូមិបន្ទាយមានរឹទ្ធឃុំគោករមៀតស្រុកថ្មពួកបានប្រាប់ថា : លោកនិងក្រុមគ្រួសារបានដាំដំឡូងមីចំនួន២០០ហិចតា ហើយវាមានដើមដងល្អ ។ មកទល់ខែសីហាឆ្នាំ២០២៦នេះ  មើមដំឡូងមីស្រស់ បានហក់ឡើងថ្លៃ២ដង បើប្រៀបធៀបនឹងឆ្នាំកន្លងមក។
ទោះជាយ៉ាងណាលោកថា ដោយសារកត្តាអាកាសធាតុ  ដីធ្លឺ  ឆ្នាំនេះទិន្នផលបានថយចុះ ប៉ុន្តែតម្លៃទីផ្សារដំឡូងមីស្រស់បានឡើងថ្លៃ ឬអាចនិយាយថា មិនអាចធ្លាក់ថ្លៃក្រោមចំនួន២០០រៀល/គក្រនោះទេ។

ហើយពេលឡើងថ្លៃនេះ វាផ្តល់អំណោយផលច្រើនណាស់ដល់កសិករនិងពលរដ្ឋផ្សេងទៀតដែលទទួលបាន ដូចជាជួយបំពេញកង្វះខាតឬការចំណាយក្នុងគ្រួសារដែលរងផលប៉ះពាលនិងរងគ្រោះដោយយោធាថៃឈ្លានពាន , ការសងបំណុលចាស់ ថ្មី , ការចំណាយក្នុងគ្រួសារជាដ៊ើម ។
ជាពិសេសដោះស្រាយនូវប្លង់ដីដាក់បញ្ចាំនិង បំណុលដែលខ្ចីបុលគេពេលយោធាថៃឈ្លានបានបំផ្លាញផ្ទះសម្បែង  ប្លន់ទ្រព្យសម្បត្តិនិងហ៊ុំព័ទ្ធបន្លាលួស ដាក់ទូរកុងតឺនើនិងកាន់កាប់ដីភូមិ ទឹកដីកម្ពុជាដោយខុសច្បាប់ ។

ចំពោះលោកថៃ សុភេត អាជីវករ និងជាជាម្ចាស់ទីលានទិញដំឡូងមីមួយនៅភូមិគោកសំរោងឃុំបន្ទាយឆ្មារស្រុកថ្មពួកបានប្រាប់ថា: ២០-៣០ឆ្នាំមកនេះ ក៏ដូចជាឆ្នាំ២០២៥កន្លងមក  ហាងឆេងទីផ្សារតម្លៃដំឡូងមីបានហក់ឡើងថ្លៃ២ដង។ លោកជាម្ចាស់ទីលានទិញនិងកសិករត្រេកអរណាស់។

លោកថៃ សុភេត ប្រាប់បន្តថា: ពេលតម្លៃផលដំណាំកសិ-ឩស្សាហកម្មនេះហក់ឡើងថ្លៃ កសិករអាចចំណេញច្រើន បើគិតលើការទូទាត់ចំណាយថ្លៃដើម ការប្រមូលផល ការដឹកជញ្ជូនដំឡូងមី ក៏ដូចជាអាចយកទៅទិញសម្ភារ: គ្រឿងចក្រកសិកម្មជាដើម ។

រីឯលោកខូ សុណា មេឃុំទ្រាសស្រុកស្វាយចេកមានប្រសាសន៍ថា: ទោះបីជារងផលប៉ះពាល់ពីសង្គ្រាមនៅព្រំដែននិងខ្លាចរអារនឹងការខាតពីឆ្នាំមុន  ក៏កសិករភាគច្រើននៅតែមិនបោះបង់ការដាំដុះ ថែទាំ រហូតដំឡូងមីបានផល ឯស្រូវក៏ជិតបានផលដែរ។

ជាមួយគ្នានេះ លោកអៀម សៀងលី ប្រធានការិយាល័យអាជីវកម្មនៃមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: ក្នុងនាមជំនាញជម្រុញ តាមដានទីផ្សារ  លោកនិងថ្នាក់ដឹកនាំសូមចូលរួមការលើកទឹកចិត្តប្រជាកសិករឲ្យខិតខំដាំដុះដំណាំកសិ ឧស្សាហកម្មប្រកបដោយបច្ចេកទេស ជ្រើសរើសពូជ ឆ្លើយតបទីផ្សារ ហើយលោកក៏លើកពីសន្ទស្សន៍ដំឡូងមីឡើងថ្លៃនេះដែរ ។
លោកបន្តថា: កត្តាដែលមើមដំឡូងមីហក់ឡើងថ្លៃនាឆ្នាំនេះ លោកថាអាចមកពី : ១-មើមដំឡូងមីស្អាតមិនសូវជាប់ដី ២-មើមពេញទឹក មានម្សៅល្អ ៣-ការបំពេញតម្រូវការទីផ្សារខ្ពស់នៅប្រទេសវៀតណាម។

ចំពោះលោករុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: កសិករត្រូវតែមើលលើស្ថានភាពអាកាសធាតុ ស្ថានភាពសង្គម សេដ្ឋកិច្ច ហើយការការដាំដុះដំណាំឬចិញ្ចឹមសត្វត្រូវតែដើរឲ្យទាន់តម្រូវការទីផ្សារ។ពេលនេះ ដំឡូងមីមានតម្រូវការខ្ពស់នាំឲ្យហក់ឡើងថ្លៃ. ។

សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យមានផ្ទៃដីដំណាំកសិ -ឧស្សាហកម្មទំហំប្រមាណ១០ម៉ឺនហិចតា ។ ក្នុងនោះ ដំឡូងមីជាង៧ម៉ឺនហិចតា តែឆ្នាំនេះ បានដាំថយចុះមកត្រឹម៥ ម៉ឺនហិចតាប៉ុណ្ណោះ  ៕

Leave a Reply

Your email address will not be published. Required fields are marked *