កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីចុះត្រួតពិនិត្យ និងស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីក្នុងការអនុវត្តគម្រោងមូលនិធិឃុំ-សង្កាត់ នៅឃុំគោលដៅចំនួន៦ និងបន្តត្រួតពិនិត្យទូទាំងខេត្ត។
ឃុំចំនួន៦ ដែលស្ថិតក្នុងគោលដៅស្រាវជ្រាវដំបូងរួមមាន៖ ឃុំទឹកហូត ស្រុករលាប្អៀរ ឃុំមេលំ ស្រុកបរិបូណ៌ ឃុំចោងម៉ោង ស្រុកទឹកផុស ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ និងឃុំលង្វែក ស្រុកកំពង់ត្រឡាច។
ក្រុមការងារចំពោះកិច្ចនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក ឈឹម វុទ្ធា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ បេសកកម្មសំខាន់ៗរបស់ក្រុមការងាររួមមាន៖
– ពិនិត្យ និងស្រាវជ្រាវស៊ីជម្រៅលើការអនុវត្តគម្រោងមូលនិធិ (រួមទាំងប្រភពព័ត៌មាន និងកិច្ចសន្យាគម្រោង) នៅឃុំទាំង៦ ក៏ដូចជាគម្រោងមូលនិធិឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង
– ត្រួតពិនិត្យការទទួលខុសត្រូវ និងអធិការកិច្ចលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ-សង្កាត់ និងភាគីអ្នកទទួលការ (ក្រុមហ៊ុន/ម៉ៅការ)
– ប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ និងរៀបចំរបាយការណ៍លទ្ធផលផ្លូវការ ដើម្បីរាយការណ៍ជូនក្រសួងមហាផ្ទៃ ពិនិត្យ និងសម្រេចតាមនីតិវិធី។
ការបង្កើតក្រុមការងារចំពោះកិច្ចនាពេលនេះ គឺជាវិធានការយ៉ាងម៉ឺងម៉ាត់របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការបន្តពង្រឹងតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ ឱ្យចំគោលដៅ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យពិតប្រាកដ៕
