ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យការស្ថាបនាផ្លូវលំដីសមួយខ្សែ និងដាក់លូក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក

​(កំពង់ធំ)៖ ឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យសកម្មភាពគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែ ប្រវែង ៦០០ម៉ែត្រ ព្រមទាំងការដំឡើងប្រព័ន្ធលូបង្ហូរទឹកចំនួន ១កន្លែង ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងរដូវវស្សាខាងមុខ។
​ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមបានចាត់ចែងជួយដោះស្រាយភ្លាមៗ ព្រោះផ្លូវមួយខ្សែនេះគឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដែលបម្រើដល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។
​ឯកឧត្តមបណ្ឌិត ហេង សំណាង បានបន្តថា៖
​«សមិទ្ធផលនាពេលនេះ គឺបានឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»។
​ការស្ថាបនាផ្លូវនេះ ក៏បានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍមូលដ្ឋាន ពិសេសជួយកាត់បន្ថយការចំណាយ និងពេលវេលារបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅធ្វើបុណ្យទាន ការប្រកបមុខរបរកសិកម្ម និងការដឹកជញ្ជូនផលិតផលផ្សេងៗ។ ទាំងអស់នេះ គឺកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការជួយដោះស្រាយការលំបាកនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់តែម្តង៕ដោយ អ៊ឹង សុផាត

Leave a Reply

Your email address will not be published. Required fields are marked *