កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន ០១ខ្សែ មានប្រវែង ៤,៣០០ម៉ែត្រ និងទទឹង ៦ម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គរ(ខ) និងភូមិប្រាសាទ ស្ថិតក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០Internal_Year_Anchor_2026។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ យស ថានារី សមាជិករដ្ឋសភា, លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
មានប្រសាសន៍ទៅកាន់អង្គពិធី លោកជំទាវ ឃួន ឃុនឌី បានលើកឡើងថា ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួល ឬរងឥទ្ធិពលពីខាងក្រៅយ៉ាងណាក្ដី ក៏មិនអាចធ្វើឱ្យរាំងស្ទះដល់ដំដើរការអភិវឌ្ឍប្រទេសជាតិបានឡើយ។ ថ្ងៃនេះគឺជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយ ដែលបានទទួលចំណងដៃដ៏ថ្លៃថ្លា គឺផ្លូវក្រាលកៅស៊ូប្រភេទ DBST មួយខ្សែនេះ។ នេះស្តែងឱ្យឃើញពីការគិតគូរជាប្រចាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ។
លោកជំទាវបានបន្តថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ក្នុងការបម្រើឱ្យផលប្រយោជន៍ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជួយសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ដែលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានក្តីសប្បាយរីករាយយ៉ាងក្រៃលែង។
សមិទ្ធផលនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើអាទិភាពគន្លឹះរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ផ្លូវនេះមិនត្រឹមតែជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរ ប្រកបមុខរបរកសិកម្ម ឬទៅធ្វើបុណ្យទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យសិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពទៀតផង។
ក្នុងឱកាសនោះដែរ លោកជំទាវ ឃួន ឃុនឌី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវនេះ ក៏ដូចជាអ្នករស់នៅអមសងខាងផ្លូវ មេត្តាជួយថែរក្សាការពារសមិទ្ធផលនេះឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួម។ ទន្ទឹមនឹងនេះ លោកជំទាវបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នពេលធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ, ត្រូវអប់រំណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន, និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតធម្មជាតិនានាដែលកើតឡើងភ្លាមៗផងដែរ៕

