កម្លាំងចម្រុះខេត្តសៀមរាប ចុះអន្តរាគមន៍សង្គ្រោះត្រីមេពូជនៅបឹងតាមោក ក្រោយងាប់បន្តបន្ទាប់ដោយសារអាកាសធាតុក្តៅខ្លាំង


​ខេត្តសៀមរាប, ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ — ក្រុមការងារចម្រុះខេត្តសៀមរាប បានចុះពិនិត្យ និងចាត់វិធានការសង្គ្រោះជាបន្ទាន់ នៅក្នុងតំបន់អភិរក្សជលផលមេពូជ «បឹងតាមោក» ស្ថិតក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង ក្រោយពីមានបាតុភូតត្រីងាប់ជាបន្តបន្ទាប់នាពេលកន្លងទៅ។
​សកម្មភាពចុះអន្តរាគមន៍នេះ ដឹកនាំដោយលោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលខេត្ត, លោក គិម វណ្ណៈ អភិបាលស្រុកសូទ្រនិគម, លោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម, លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង ព្រមទាំងមន្ត្រីផ្នែក-សង្កាត់រដ្ឋបាលជលផលដំដែក សូទ្រនិគម និងអន្លង់សំណរ។
​ក្រៅពីនេះ ក៏មានការចូលរួមពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក, ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង, កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត, កងពលតូចង៧០ និងសហគមន៍នេសាទកំពង់ឃ្លាំង សរុបកម្លាំងចូលរួមចំនួន ៣៥ នាក់ និងប្រើប្រាស់កាណូតចំនួន ១០ គ្រឿង។
​តាមរយៈការចុះពិនិត្យស្ថានភាពទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា កត្តាចម្បងដែលបណ្តាលឱ្យត្រីងាប់ គឺដោយសារស្ថានភាពទឹកបឹងមានសភាពរីងរាក់ រួមផ្សំនឹងអាកាសធាតុក្តៅខ្លាំង និងគ្មានខ្យល់បក់ ដែលធ្វើឱ្យផ្ទៃទឹកខ្វះខ្យល់ និងខ្វះអុកស៊ីសែន ខណៈបរិមាណត្រីនៅក្នុងបឹងមានចំនួនច្រើនក្រាស់ក្រែល។
​ដើម្បីសង្គ្រោះហ្វូងត្រីជាបណ្តោះអាសន្ន ក្រុមការងារចម្រុះបានរួមគ្នាយកកំប្លោកមកដាក់ពង្រាយបន្ថែម ដើម្បីធ្វើជាជម្រកត្រី និងកាត់បន្ថយកម្តៅទឹក បានផ្ទៃក្រឡាសរុបប្រមាណ ៥,០០០ ម៉ែត្រការ៉េ ដើម្បីរង់ចាំទឹកទន្លេហូរចូលមកបំពេញ។ ជាលទ្ធផល គិតមកដល់ពេលបច្ចុប្បន្ននេះ បាតុភូតត្រីងាប់ត្រូវបានទប់ស្កាត់ទាំងស្រុង និងមិនមានការងាប់បន្តទៀតឡើយ។
​ដើម្បីបញ្ចៀសបញ្ហាត្រីងាប់នៅឆ្នាំខាងមុខៗទៀត រដ្ឋបាលស្រុកសូទ្រនិគម បានបញ្ជាក់ថា នឹងខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍ និងអង្គការនានា ដើម្បីជួយបូមស្តារបឹងអភិរក្សនេះឱ្យបានកាន់តែជ្រៅជាងមុន។
​ទន្ទឹមនឹងនេះ គណៈកម្មការដឹកនាំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងចម្រុះ និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដោយមិនគិតពីការនឿយហត់ ក្នុងការការពារ និងផ្គត់ផ្គង់ពូជត្រីនៅក្នុងបឹងតាមោក។ ក្រុមការងារក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមស្មារតីសហការអភិរក្ស និងការពារពូជត្រីនៅក្នុងបឹងនេះឱ្យបានគង់វង្ស ដើម្បីឱ្យបរិមាណផលត្រីមានការកើនឡើងជា រៀងរាល់ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *