(កំពង់ធំ)៖ គ្រោះធម្មជាតិដែលបង្កឡើងដោយភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បានវាយប្រហារស្រុកចំនួន ៤ ក្នុងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត និងខូចខាតផ្ទះសម្បែង សាលាឆាន់ និងកុដិលោកជាច្រើនខ្នង។
តាមរបាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋាន ស្ថានភាពខូចខាតតាមស្រុកនីមួយៗមានដូចខាងក្រោម៖
១. ស្រុកសន្ទុក៖ មនុស្សម្នាក់ស្លាប់ដោយរន្ទះបាញ់
នៅវេលាម៉ោង ៤:៣០នាទីរសៀល ក្នុងភូមិចំបក់ ឃុំតាំងក្រសាំង មានករណីរន្ទះបាញ់បណ្តាលឱ្យលោក ហ៊ុយ គ្រឿន ភេទប្រុស អាយុ ៥៧ឆ្នាំ (ជាប្រជាការពារភូមិ) ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈពេលដែលគាត់កំពុងសាបព្រោះស្រូវនៅវាលស្រែចុងភូមិ។ ដោយឡែក នៅវត្តបុស្សស្រល់ ភូមិអូរធំ ខ្យល់កន្ត្រាក់បានបោកបក់បណ្តាលឱ្យរបើកដំបូលសាលាឆាន់ (ទំហំ ១៦ម x ២៧ម) និងកុដិលោកផងដែរ។
២. ស្រុកប្រាសាទបាល័ង្គ៖ ផ្ទះ ៣ខ្នងរលំទាំងស្រុង
នៅវេលាម៉ោង ៣:៥០នាទីរសៀល ស្ថិតក្នុងភូមិថ្នល់ ឃុំទួលគ្រឿល ខ្យល់កន្ត្រាក់បានធ្វើឱ្យ៖
រលំផ្ទះទាំងស្រុង៖ ០៣ ខ្នង
របើកដំបូល៖ ១៨ ខ្នង
សសរលោតចេញពីជើងទម្រ៖ ០១ ខ្នង
(ក្នុងករណីនេះ មិនមានប្រជាពលរដ្ឋរងរបួសឡើយ)។
៣. ស្រុកកំពង់ស្វាយ៖ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ១១ខ្នង
នៅវេលាម៉ោង ២:៣០នាទីរសៀល ខ្យល់កន្ត្រាក់បានវាយប្រហារឃុំចំនួន ២ រួមមាន៖
ឃុំនីពេជ៖ ខូចខាតផ្ទះចំនួន ១០ខ្នង (ភាគច្រើនរបើកក្បឿងចន្លោះពី ១៥០ ទៅ ៣៥០សន្លឹក) និងរលំជង្រុកស្រូវ ១ខ្នង។ ម្ចាស់ផ្ទះដែលរងគ្រោះមានដូចជា លោក ម៉ៅ ឡំ, លោក ជ វីរៈសិទ្ធិ, លោក លាន លឿន, លោក ហៀង ហិច, អ្នកស្រី ពាង ងឿន, លោក ឆោម កុសល, លោក ឃាម ខៃ, អ្នកស្រី ហួន សិត, អ្នកស្រី ហែល ផល់ និងលោក លាន ឡុញ។
ឃុំដំរីស្លាប់៖ របើកដំបូលផ្ទះ និងរានបាយចំនួន ១ខ្នង ជារបស់អ្នកស្រី ធួត ម៉ោច នៅភូមិមង្គលស្លា។
៤. ស្រុកស្ទោង៖ ផ្ទះជិត ២០ខ្នងរងផលប៉ះពាល់
នៅល្ងាចថ្ងៃដដែលនោះ ខ្យល់កន្ត្រាក់បានបោកបក់នៅក្នុងឃុំចំនួន ២ គឺ៖
ឃុំចំណាក្រោម៖ របើកដំបូល ១៦ខ្នង និងរលំផ្ទះទាំងស្រុង ១ខ្នង។
ឃុំប្រឡាយ៖ របើកដំបូលផ្ទះចំនួន ២ខ្នង។
បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋាន និងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កំពុងចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីរៀបចំអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ជូនដល់គ្រួសាររងគ្រោះទាំងអស់។

