ជន្លៀសលោកប្រធានាធិបតី ត្រាំ និងលោកស្រីទីមួយ Melania Trump បន្ទាប់ពីឮសម្លេងផ្ទុះ

ដោយ : ភ្នំធំ / វ៉ាស៊ីនតោន- សរអា :ប្រធានាធិបតី ត្រាំ និងលោកស្រីទីមួយ Melania Trumpត្រូវបានភ្នាក់ងារសម្ងាត់ នាំចេញពីកម្មវិធីជប់លៀងរបស់សមាគមអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមានយ៉ាងប្រញាប់ប្រញាល់ កាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីមានសំឡេងផ្ទុះដែលគេមិនទាន់អាចកំណត់បាន។

នេះបើតាមការផ្សាយរបស់រ៉យទ័រ ។

ជំនួយការសេតវិមានម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេសរ៉យទ័រថា : លោក ត្រាំ មានសុវត្ថិភាពហើយ។
គេបានឮសំឡេងផ្ទុះខ្លាំងៗពី ៤ ទៅ ៦ លើកនៅក្នុងសណ្ឋាគារ ប៉ុន្តែមិនស្ថិតនៅក្នុងបរិវេណផ្ទាល់នៃកន្លែងជប់លៀងនោះទេ។

អ្នកចូលរួមក្នុងកម្មវិធីជប់លៀងបានឈប់ជជែកគ្នានៅពេលនោះភ្លាមៗ ហើយមនុស្សម្នាបានចាប់ផ្ដើមស្រែកថា «ក្រាបចុះ! ក្រាបចុះ!»។

ភ្ញៀវរាប់រយនាក់បានមុជចូលក្រោមតុ ខណៈដែលមន្ត្រីភ្នាក់ងារសម្ងាត់ក្នុងឯកសណ្ឋានប្រយុទ្ធបានរត់ចូលទៅក្នុងសាលភោជនីយដ្ឋាន។
លោក ត្រាំ និងលោកស្រីទីមួយបានឱនចុះនៅពីក្រោយវេទិកា មុនពេលត្រូវបានមន្ត្រីភ្នាក់ងារសម្ងាត់នាំខ្លួនចេញទៅក្រៅដើម្បីសុវត្ថិភាព។

កម្មវិធីជួបជុំនេះ មានអ្នកចូលរួមទាំង ២,៦០០ នាក់។ ពួកគេបានរកកន្លែងមានសុវត្ថិភាព ខណៈដែលអ្នករត់តុបានរត់ភៀសខ្លួនទៅកាន់ផ្នែកខាងមុខនៃសាលជប់លៀង។

យោងតាមការផ្សាយផ្ទាល់ពី CSPAN បានឱ្យដឹងថា បន្តិចមុនពេលត្រូវបានសន្តិសុខនាំចេញពីលើវេទិកា លោកស្រី Melania Trump ហាក់ដូចជាមានប្រតិកម្មទៅនឹងចំណោមមនុស្ស និងមានទឹកមុខព្រួយបារម្ភយ៉ាងខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *