(ខេត្តកំពង់ឆ្នាំង)៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺសត្វពាហនៈ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានសហការជាមួយរដ្ឋបាលស្រុកទឹកផុស ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺបូសខ្យល់ដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋបានជិត ២០០ក្បាល។
សកម្មភាពចុះចាក់វ៉ាក់សាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិពារាំង និងភូមិអន្លង់កែ ឃុំចោងម៉ោង ស្រុកទឹកផុស។ យុទ្ធនាការនេះដឹកនាំដោយ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និង លោក ធូ ផល្លី អភិបាលរងស្រុកទឹកផុស ដោយមានការចូលរួមពីមន្ត្រីកសិកម្មស្រុក-ឃុំ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិផងដែរ។
លោក ហ៊ុន លី បានបញ្ជាក់ថា ការចុះយុទ្ធនាការនាពេលនេះ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖
១. ទប់ស្កាត់ការរីករាលដាលនៃជំងឺ និងកាត់បន្ថយអត្រាស្លាប់របស់សត្វគោក្របី។
២. ផ្សព្វផ្សាយឱ្យកសិករយល់ដឹងពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងការពារជាមុន។
៣. ណែនាំឱ្យម្ចាស់សត្វយកចិត្តទុកដាក់ថែទាំ និងផ្តល់ចំណីបន្ថែមឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងរដូវក្តៅនេះ។
ជារួម មន្ត្រីជំនាញបានចាក់វ៉ាក់សាំងជូនសត្វពាហនៈសរុបចំនួន ១៨៥ក្បាល (ក្នុងនោះមានសត្វក្របីចំនួន ៧៥ក្បាល)។
ជាចុងក្រោយ អាជ្ញាធរជំនាញក៏បានអំពាវនាវដល់បងប្អូនប្រជាកសិករទាំងអស់ សូមរួសរាន់នាំយកសត្វពាហនៈមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ក្នុងករណីសង្កេតឃើញសត្វមានអាការៈខុសប្លែក ឬសង្ស័យថាមានជំងឺ សូមរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ/ឃុំ ឬមន្ទីរកសិកម្មខេត្ត ដើម្បីឱ្យមន្ត្រីជំនាញចុះអន្តរាគមន៍ និងទប់ស្កាត់បានទាន់ពេលវេលា៕ដោយអ៊ួង សុផាត

