(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើស្ត្រីជាម្ចាស់ហាងទូរស័ព្ទ ដែលបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថលើកងទ័ពជួរមុខ ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។
លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នេះថា ករណីនេះតំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យ តាមនីតិវិធីបើកការស៊ើបសួរពាក់ព័ន្ធបទល្មើសទាំងពីរខាងលើ យោងតាមមាត្រា ៤៧២ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមបទចោទប្រកាន់ខាងលើ ស្ត្រីរូបនេះអាចនឹងប្រឈមមុខទោសទណ្ឌ៖
ទោសពន្ធនាគារ៖ ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ
ទោសពិន័យជាប្រាក់៖ ពី ៤ លាន ទៅ ១០ លានរៀល
សូមរំលឹកថា កាលពីវេលាម៉ោងជិត ៨ ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទឈ្មោះ ចិន្តា សុវណ្ណារី បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីប្រើប្រាស់ពាក្យសម្តីអសុរោះ និងជេរប្រមាថធ្ងន់ៗលើកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ រឿងទំនាស់ទិញដូរទូរស័ព្ទមួយគ្រឿង។
ព្រឹត្តិការណ៍នេះ បានស្តែងឱ្យមានការប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជននៅលើបណ្តាញសង្គម ដោយភាគច្រើនសម្តែងការមិនពេញចិត្ត និងចាត់ទុកថា ការប្រមាថលើកងទ័ពជួរមុខគឺជាទង្វើមិនអាចលើកលែងឱ្យបានឡើយ៕
